(ភ្នំពេញ)៖ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈមូលនិធិហ្វ្រេតហូឡូ បានបន្ដផ្ដល់ជំនួយជាសម្ភារ ការពារ ទប់ស្កាត់ជំងឺកូវីដ១៩ ដល់កម្មវិធីជាតិសុខភាពភ្នែកជាលើកទី៣ហើយ ក្នុងអំឡុងជំងឺកូវីដ១៩នេះ ដើម្បីគាំទ្រដល់កម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល និងចូលរួមទប់ស្កាត់នឹងការរីករាលដាលនៃជំងឺនេះ។

ជំនួយនៅក្នុងលើកទី៣នេះរួមមាន៖ ម៉ាស់វេជ្ជសាស្រ្តចំនួន ២៦៧,២៥០សន្លឹក អាល់កុលចំនួន ៧,៦៥០លីត្រ ម៉ាស៊ីនវាស់កម្តៅបញ្ឈរប្រភេទឌីជីថលចំនួន ៥៣គ្រឿង របាំងការពារមុខចំនួន ១,២៧០សន្លឹក សាប៊ូទឹកលាងដៃចំនួន ១,៨៦៣ដប និងស្រោមដៃចំនួន ៥៦៥ប្រអប់។

កម្មវិធីជាតិសុខភាពភ្នែក ក៏បានបន្តផ្តល់សម្ភារការពារជំងឺកូវីដ-១៩ ដែលជំនួយរបស់អូស្ដ្រាលីនេះ ជូនដល់មន្ទីរពេទ្យមួយចំនួននៅរាជធានីភ្នំពេញ និងមន្ទីរសុខាភិបាលខេត្តចំនួន៦ រួមមាន៖ ខេត្តកណ្តាល, ព្រះសីហនុ, កំពង់ឆ្នាំង, កំពង់ស្ពឺ, កំពង់ធំ និងព្រៃវែង និងមន្ទីរពេទ្យថ្នាក់ជាតិមួយចំនួនទៀត ចាប់តាំងពីថ្ងៃទី៥ ដល់ទី១៣ ខែមេសា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនៃការប្រគល់ជូនសម្ភារនេះ ឯកឧត្តមសាស្ត្រាចារ្យ គង់ ពិសិដ្ឋ ប្រធានសមាគមគ្រូពេទ្យភ្នែកកម្ពុជា និងជាអនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានសម្តែងនូវអំណរអរគុណ និងកោតសរសើរដល់ មូលនិធិហ្រ្វេតហូឡូ និងរដ្ឋាភិបាលអូស្រ្តាលីដែលកន្លងមក ដែលបានចូលរួមយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកសេវាសុខភាពភ្នែកនៅកម្ពុជា។

ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏បានថ្លែងដូច្នេះថា «សម្ភារទាំងនេះ គឺបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩»។ ជាពិសេស សម្ភារទាំងនេះជួយសម្រួលដល់គ្រូពេទ្យ ក្នុងការផ្ដល់សេវាព្យាបាលភ្នែក ជូនដល់ប្រជាពលរដ្ឋ ដោយមានទំនុកចិត្ត៕