(ស្វាយរៀង)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនគ្រួសារកងទ័ពនៅទូទាំងប្រទេស, លោកឧត្តមសេនីយ៍ទោ ប៉ែន សារុន មេបញ្ជាការសឹករងស្វាយរៀង និងឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំកងទ័ពកងរាជអាវុធហត្ថ និងគ្រួសារ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ បាន ២,៩៩៤នាក់ហើយ គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ។

លោកឧត្តមសេនីយ៍ទោ ប៉ែន សារុន បានឱ្យភ្នាក់ងារ Fresh News ដឹងនៅព្រឹកនេះថា ដោយទទួលការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះកងកម្លាំងប្រដាប់អាវុធ ពិសេសកងយោធពលខេមរភូមិន្ទ និងដោយមានការដឹកនាំផ្ទាល់ពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនគ្រួសារកងទ័ព នៅទូទាំងប្រទេស ទើបកងទ័ពកងរាជអាវុធហត្ថ និងគ្រួសារ នៅខេត្តស្វាយរៀងមានឱកាសទទួលបានដូចនេះ។

លោកឧត្តមសេនីយ៍ទោ ប៉ែន សារុន បានបន្តថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់គ្រួសារយោធិនតំបន់ប្រតិបត្តិការសឹករងស្វាយរៀង និងគ្រួសារកងរាជអាវុធហត្ថខេត្តចាប់ពីថ្ងៃទី១០ ខែមីនា រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានចំនួន ២,៩៩៤នាក់ ក្នុងនោះកងទ័ព និងកងរាជអាវុធហត្ថបាន ៥៥៣នាក់ និងគ្រួសារកងទ័ព និងគ្រួសារអាវុធហត្ថបានចំនួន ២,៤៤១នាក់។

មេបញ្ជាការសឹករងខេត្តស្វាយរៀង បានថ្លែងអំណរគុណដល់ក្រុមគ្រួសារយោធិន និងកងរាជអាវុធហត្ថទាំងអស់ ដែលបានស្ម័គ្រចិត្តមកទទួលវ៉ាក់សាំង បង្កា ការពារ ជំងឺកូវីដ-១៩នេះ ដែលសរបញ្ជាក់ឲ្យឃើញថា ក្រុមគ្រួសារកងទ័ពទាំងអស់ មានជំនឿជឿជាក់លើវ៉ាក់សាំងរបស់ក្រុមហ៊ុនស៊ីណូហ្វាម ដែលជាជំនួយរបស់មហាមិត្តចិន ហើយកុំចាញ់ការឃោសនាអាក្រក់ពីពួកអគតិមួយចំនួន ដែលតែងតែបំភិតបំភ័យបំប៉ោងព័ត៌មានចំពោះវ៉ាក់សាំងនេះផងដែរ៕