(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បាននាំយកគ្រឿងបរិភោគមួយចំនួន និងបច្ច័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំនួន ៥លានរៀល ចូលរួមរំលែក មរណ ទុក្ខដ៏ក្រៀមក្រំចំពោះក្រុម គ្រួសារ សពលោក លន់ ឡា អាយុ ៤៧ឆ្នាំ ដែលបានទទួលមរណភាព ដោយសារជម្ងឺកូវីដ១៩ និងនាំយកអំណោយជាគ្រឿងបរិភោគមួយចំនួន ជូនដល់គ្រួសារដែលពាក់ព័ន្ធកំពុងធ្វើចត្តាឡីស័កចំនួន ៣គ្រួសារទៀតផងដែរ។

នៅក្នុងការចូលរួមរំលែកមរណទុក្ខនេះ សម្ដេចតេជោ បានចាត់ទុកការស្លាប់របស់ជនរងគ្រោះខាងលើ គឺជាមរណភាពមួយគួរឲ្យសោកស្ដាយជាទីបំផុត ដែលបច្ចុប្បន្នមេរោគដ៏កាចសាហាវនេះ កំពុងតែឆ្លងរាលដាលនៅលើពិភពលោក ហើយក៏កំពុងតែសម្លាប់ជីវិតមនុស្សយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចតេជោ សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ លោក ចេង មុនីរ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់សម្តេចតេជោ «៣ការពារ និង៣កុំ» ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិ។

អំណោយដែលលោកអភិបាលខណ្ឌនាំយកទៅប្រគល់ជូនគ្រួសារសព រួមមាន៖ អង្ករ ៥០គីឡូក្រាម មី ត្រីខ ទឹកសុទ្ឋ ម៉ាស អាល់កុល៕