(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារនាំយកអំណោយ ចុះចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង ចំនួន ១១គ្រួសាររស់នៅក្នុងឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកបាននាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែគិតគូរ ពីសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ មិនថាជិតក្ដី ឆ្ងាយក្តី គឺមិនទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។

លោកបន្តថា ស្ថិតក្នុងភាពទីទាល់ក្រហើយនោះសូមខិតខំប្រឹងប្រែងរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងអន្លង់កូវីដ១៩ និងត្រូវថែរក្សាអនាម័យ បរិស្ថាន ដើម្បីសុខភាព។

លោកបានរផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនដែលបានការណែនាំដោយសម្ដេចតេជោ ហ៊ុន សែន នឹងការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស លាងដៃឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាពបុគ្គលពី១.៥ម៉ែត្រឡើងទៅ កុំនៅកន្លែងមនុស្សច្រើនកុះករ កុំនៅកន្លែងបិទជិត គ្មានខ្យល់ចេញចូលនិងកុំប៉ះពាល់គ្នា នៅពេលជួបគ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំអោបគ្នាជាដើម។

សូមបញ្ជាក់ថា ពលរដ្ឋក្រីក្រក្នុងមួយគ្រួសារទទួលបានអង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ៣ដប ឃីត១ឈុតរួមមាន ភួយ ក្រមា សារុង អាវយឺត និងថវិកាមួយចំនួនផងដែរ៕