(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ សេចក្ដីប្រកាសស្ដីពី អនុក្រឹត្យស្តីពី ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺមិនប៉ះពាល់ដល់ការអនុវត្ត និងការប្រមូលពន្ធចំពោះអាជីវកម្មដែលធ្វើសកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេសនោះទេ។ នេះបើតាមប្រកាសរបស់ក្រសួងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ។

សេចក្ដីប្រកាសបញ្ជាក់ទៀតថា កន្លងទៅរាជរដ្ឋាភិបាល បានដាក់ចេញ នូវអនុក្រឹត្យលេខ៦៥អនក្រ.បក ចុះថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ អនុក្រឹត្យនេះ ត្រូវបានដាក់ចេញក្នុងគោលដៅកំណត់អំពីលក្ខខណ្ឌពិសេស និងដាក់ចេញនូវ យន្តការអនុវត្តអាករលើតម្លៃបន្ថែមលើទំនិញឌីជីថល និងសេវាទីជីថល ដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជា និងធ្វើការផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធអនិវាសនជន ដែលមិនមានគ្រឹះស្ថាន អចិន្ត្រៃយ៍នៅកម្ពុជា ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តស្របតាមមាត្រា៧៥ នៃច្បាប់ស្តីពីសារពើពន្ធ។

សេចក្ដីប្រកាសបន្តថា «អនុក្រឹត្យនេះ គឺមិនប៉ះពាល់ដល់ការអនុវត្ត និងការប្រមូលពន្ធ ចំពោះអាជីវកម្មដែលធ្វើសកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងប្រទេសនោះទេ។ ផ្ទុយទៅវិញ អនុក្រឹត្យនេះ អាចជួយទាក់ទាញឱ្យមានការវិនិយោគមកក្នុងកម្ពុជាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការរីកចម្រើន នៃវិស័យបច្ចេកវិទ្យា តាមរយៈការទាក់ទាញការវិនិយោគ របស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេស ព្រមទាំងអាចជួយដោះស្រាយឧបសគ្គ នៃការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះសកម្មភាព អាជីវកម្មពីអ្នកជាប់ពន្ធអនិវាសនជន មកអ្នកជាប់ពន្ធនិវាសនជន និងធានាបាននូវការប្រកួតប្រជែង ដោយស្មើភាពក្នុងការ ធ្វើធុរកិច្ចផងដែរ»

ខាងក្រោមនេះជាសេចក្ដីប្រកាសទាំងស្រុង៖