(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ និងផ្សារវត្តអធ្វារ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប បន្ទាប់ពីផ្សារនេះបានជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ ដែលរកឃើញនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

ក្នុងសេចក្តីសម្រេចដែលធ្វើឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បិទការចេញចូលផ្សារនេះរយៈពេលពីរសប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៥ ខែមេសា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ក្នុងសេចក្តីសម្រេចនេះរដ្ឋបាលខេត្ត បានហាមឃាត់បុគ្គលគ្រប់រូបដែលមានលំនៅឋានក្នុងតំបន់ផ្សារទាំងពីរនេះ មិនឱ្យចេញចូលនោះឡើយ។ ដោយឡែកការធ្វើទៅទិញអាហារ និងពេទ្យ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរ និងសមត្ថកិច្ច។

សូមបញ្ជាក់ថា វិធានការនេះ បានធ្វើឡើង បន្ទាប់ពីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ នៅថ្ងៃទី១២ ខែមេសា ម្សិលមិញនេះ។ អ្នកជំងឺទាំង៤នាក់នោះរួមមាន៖ ឈ្មោះ អ៉ឹង ខៃលី ភេទប្រុស អាយុ ២១ឆ្នាំ, ឈ្មោះ ចាន់ ផុន ភេទស្រី អាយុ ២១ឆ្នាំ, ឈ្មោះ ជា គីម ភេទស្រី អាយុ ៥០ឆ្នាំ និងឈ្មោះ សរ សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៥០ឆ្នាំ។

អ្នកជំងឺទាំង៤រូបនេះ ជាអាជីវករនៅក្នុងផ្សារក្រោម និងផ្សារវត្តអធ្វារ៕