(សៀមរាប)៖ ចាប់តាំងពីដើមខែមីនា ឆ្នាំ២០២១ ក្រុមការងារអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ ប្រទេសអាល្លឺម៉ង់ បានជួសជុលអភិរក្សលើកតម្លៃបង្កាន់ដៃនាគ ស្ថិតនៅជ្រុងនិរតីនៃប្រាសាទបន្ទាយសំរែ ប្រវែង៣០ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមការងារជួសជុលបានប្រមាណ ៣៥ ភាគរយហើយ។

លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ លើកឡើងថា បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែ បានរងការខូតខាត និងបាក់បែកជាច្រើនអន្លើរ ខ្លះបាត់ជើងទម្រ ខ្លះទៀតបាក់ជាកំណាត់។ បំណែកខ្លួន និងក្បាលនាគមួយចំនួនត្រូវកប់នៅក្នុងរោងទង និងព្រៃជុំវិញប្រាសាទ បណ្តាលមកពីកម្សោយរចនាសម្ពន្ធគ្រឹះមិនអាចទ្រទម្ងន់សង្កត់ ការបំផ្លាញដោយបរិស្ថានធម្មជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ និងកង្វះការថែទាំជាដើម។

លោកបញ្ជាក់ថា ក្រុមការងារបានប្រមូលបំណែកតូចធំរបស់ចម្លាក់បង្កាន់ដៃនាគមកពីទីផ្សេងៗតាមដែលអាចធ្វើបាន ដោយព្យាយាមមិនយកថ្មថ្មីមកជំនួស។ ការប្រើថ្មថ្មីត្រូវធ្វើឡើងនៅត្រង់ចំណុចណាដែលសំខាន់ខ្វះមិនបាន ហើយពុំអាចស្វែងរកបំណែកដើមឃើញប៉ុណ្ណោះ។

លោកបន្តទៀតថា ការជួសជុល និងព្យាបាលថ្ម តភ្ជាប់បំណែកថ្មឡើងវិញ គឺប្រើប្រាស់ស្នូលប្រភេទ Fiber GLass និងកាវតថ្មប្រភេទ Skiadure។ ក្រុមការងារបានពង្រឹងផ្ទៃថ្មដែលពុកផុយឱ្យរឹងមាំឡើងវិញ ចាក់បំពេញបាយអរចូលក្នុងប្រហោងនឹងតំណបិទភ្ជិតរន្ធតូចឆ្មារ ស្នាមប្រេះ និងប្រហោងតូចៗនៅលើផ្ទៃថ្មចម្លាក់ សម្អាតស្លែ និងបន្សាបយកជាតិអំបិលចេញពីផ្ទៃថ្ម ដាប់យកចេញនូវដែកទាមចាស់ៗ និងស៊ីម៉ង់ត៍អស់គុណភាព រៀបដំឡើងបង្កាន់ដៃនាគឡើងវិញស្របតាមទីតាំងដើម។

អ្នកជំនាញរូបនេះបន្តថា ចំពោះផលលំបាកក្នុងការងារជួសជុល គឺទីធ្លាមានភាពតូចចង្អៀត ពិបាកក្នុងដឹកជញ្ជួនថ្មមកក្នុងប្រាសាទ ត្រូវប្រើកម្លាំងពលកម្មទាំងស្រុង ដូច្នេះត្រូវចំណាយពេលវេលាយូរបន្តិច។ ក្រោយពីបញ្ចប់ការជួសជុលនៅទីនេះ ក្រុមការងារនឹងបន្តជួសជុលកន្លែងខូចខាតផ្សេងៗទៀតដូចជា ហោរជាង ផ្តែរ កំពូលព្រហ្ម និងធ្នឹមជាដើម៕