(ភ្នំពេញ)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ សម្រាប់ប្រជាពលរដ្ឋខេត្តកណ្ដាល ដែលចេញចូលធ្វើការនៅរាជធានីភ្នំពេញ ហើយត្រឡប់មកផ្ទះវិញរាល់ថ្ងៃ មិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ លុះត្រាតែអ្នកសង្ស័យជាប់ព័ន្ធនឹងតំបន់ផ្ទុះជំងឺកូវីដ-១៩។

ការចេញមកបញ្ជាក់បែបនេះ របស់លោកអភិបាលខេត្តកណ្តាល គឺធ្វើឡើងដើម្បីស្រាយចម្ងល់របស់ប្រជាពលរដ្ឋដែលមានទីលំនៅជិតរាជធានីភ្នំពេញ និងត្រូវចេញចូល ធ្វើការងារររៀងរាល់ថ្ងៃ ពីរាជធានីភ្នំពេញ ឆ្លងមកកាន់ផ្ទះរបស់ខ្លួន។

លោក គង់ សោភ័ណ្ឌ បានឱ្យដឹងថា សម្រាប់ខេត្តកណ្តាល គឺបានអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ដោយបានត្រួតពិនិត្យ និងផ្អាកមិនលក់ដូរណាដែលមានហានិភ័យ អនាម័យ និងគ្រឿងស្រវឹងមួយរយៈ ជាពិសេសអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យធ្វើដំណើរឆ្លងខេត្ត ពីខេត្តមួយទៅខេត្តមួយ សម្រាប់កិច្ចការងារនេះ គឺរាជធានីភ្នំពេញ និងខេត្តកណ្តាល រួមគ្នាដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

លោកអភិបាលខេត្ត បានបន្ថែមពីនេះ ក៏មិនត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋនាំគ្នាដើរលេងឆ្វេចឆ្វាចនោះទេ ជាពិសេសដល់ម៉ោងដែលបានកំណត់ដោយអាជ្ញាធរ ជាមួយគ្នានេះអាជ្ញាធរទូទាំងខេត្តកណ្តាល បន្តឃោសនាពាក់ព័ន្ធនឹងការអនុវត្តតាមវិធានសុខាភិបាល ដោយតម្រូវឱ្យពាក់ម៉ាស លាងដៃជាមួយអាល់កុល ឬជែល ជាពិសេសត្រូវអនុវត្តឱ្យខ្ជាប់ខ្ជួនតាមវិធានការ «៣កុំ និង៣ការពារ» របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាឱ្យជាប់ជាប្រចាំជាដើម។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន លោក គង់ សោភ័ណ្ឌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អត់មានធ្វើចត្តាឡីស័កអីទេ បើអ្នកធ្វើការត្រឡប់ទៅវិញ ទៅមកនេះ ជារួមស្ទើរសឹងតែមិនសូវមានទេ ព្រោះអ្នកធ្វើការភាគច្រើនជាកម្មករ ភាគច្រើនគាត់អត់ប្រមូលផ្តុំទេ គាត់មានកាតត្រឹមត្រូវ គាត់អត់មានបញ្ហាប្រឈមអីទេ ឯមន្ត្រីគេមានកាតសម្គាល់អត់មានបញ្ហាអីទេ»។

ជុំវិញបញ្ហានេះ លោក គង់ សោភ័ណ្ឌ ក៏បានបញ្ជាក់បន្ថែមថា ទោះជាយ៉ាងណាក៏មានប្រជាពលរដ្ឋខ្លះគាត់ស្ថិតនៅក្នុងចំណោមមុខសញ្ញា ហើយរត់ពីភ្នំពេញទៅស្រុកកំណើតនៅក្នុងមូលដ្ឋានណាមួយនៃខេត្តកណ្តាល ដូច្នេះ អាជ្ញាធរនឹងយកគាត់មកដាក់នៅមណ្ឌលចត្តាឡីស័ករយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាល ដើម្បីការពារកុំឱ្យមូលដ្ឋានរងគ្រោះដោយសារជំងឺកូវីដ-១៩។

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់បន្ថែមថា «បាទបើការងារងារ យើងដឹងហើយអ្នកចេញចូលធ្វើការងាររបៀបហ្នឹង យើងដឹងតែម្តង អាជីពគាត់យើងដឹង ព្រោះជាប្រជាពលរដ្ឋមូលដ្ឋាន បើគាត់ចេញ ចូល គាត់ទៅធម្មតា ដូចខ្ញុំអញ្ចឹងជួនកាលខ្ញុំធ្វើការ នៅតាខ្មៅ ប៉ុន្តែ ខ្ញុំមកមូលដ្ឋានផ្ទះខ្ញុំ កាត់ភ្នំពេញអញ្ចឹងទៅ។

ប៉ុន្តែ ខ្ញុំចង់និយាយថា បើគាត់មកផ្ទះដូចថ្ងៃមុនអញ្ចឹងទៅគាត់មកផ្ទះជិះម៉ូតូ២គ្រឿង មកទាំងយប់ មកភូមិទួលពង្រ ស្រុកខ្សាច់កណ្តាល ហើយត្រូវឪពុក ម្តាយ អត់ឱ្យចូលផ្ទះ ស្រាប់តែមួយសន្ទុះខាងភ្នំពេញ តេប្រាប់ថា ឈ្មោះអ្នកទាំងពីរនាក់នេះកើតជំងឺកូវីដ-១៩ និងត្រូវបានអាជ្ញាធរឃាតគាត់ ដើម្បីបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនៈ ក្រុងតាខ្មៅ ទាល់ស្ថិតនៅក្នុងមុខសញ្ញា ទើបយើងឃាត បើគ្រាន់តែការងារធម្មតាយើងឃាតធ្វើអី ប៉ុន្តែ គាត់ឆ្លងទៅ ឆ្លងមកដែលស្ថិតនៅក្នុងមុខសញ្ញាគួរឱ្យបារម្ភ យើងច្បាស់ជាឃាតហើយ ព្រោះពេលនេះតឹងច្រើនជាងធូរ មិនអាចអ្វើតាមចិត្តបានទេ ប៉ុន្តែ បើជាមនុស្សត្រឹមត្រូវជាអាជីពការងាររបស់គាត់យើងអត់ទៅឃាតគាត់ទេ»