(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ១៧៨នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៣៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង១៧៨នាក់ ក្នុងនោះមាន១នាក់ ជាករណីនាំចូលមកពីក្រៅប្រទេស និង១៧៧នាក់ផ្សេងទៀត ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ១៤៩នាក់, ខេត្តកំពង់ស្ពឺ២នាក់, ខេត្តស្វាយរៀង ៣នាក់, ខេត្តតាកែវ ១នាក់, ខេត្តត្បូងឃ្មុំ ១នាក់, ខេត្តសៀមរាប ១នាក់, ខេត្តកណ្តាល ១៤នាក់ និងខេត្តព្រះសីហនុ ៦នាក់។

សម្រាប់អ្នកជាសះស្បើយទាំង៣៨នាក់វិញ ក្នុងនោះម្នាក់ជាជនជាតិឥណ្ឌូនេស៉ី ដែលធ្វើដំណើរមកពីក្រៅប្រទេស និង៣៧នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤ ៨៧៤នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៤ ៣៣៧នាក់, អ្នកជាសះស្បើយចំនួន ២ ២៩០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ២៥៤៤នាក់, អ្នកស្លាប់ចំនួន ៣៥នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕