(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបញ្ចប់ជាមណ្ឌលចត្តាឡីស័កទីតាំង២កន្លែងបន្ថែមទៀត នៅក្រុងព្រះសីហនុ ក្រោយទីតាំងនោះមិនមានអ្នកឆ្លងជំងឺកូវីដ១៩ ហើយបានធ្វើចត្តាឡីស័កគ្រប់ចំនួនថ្ងៃកំណត់។ នេះបើតាមលិខិតរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

ទីតាំងទាំងពីរកន្លែងដែលត្រូវបញ្ចប់ជាមណ្ឌលចត្ដាឡីស័កនេះរួមមាន៖ ទី១៖ សណ្ឋាគារ កាស៉ីណូប៉ាវឌីង ស្ថិតនៅវិថីលំហែព្រះភូមិន្ទ (ផ្លូវលេខ៤០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងទី២៖ អគារស្នាក់នៅរបស់បុគ្គលិកភោជនីយដ្ឋានជីនឌានហ្ស៉ីយី ស្ថិតនៅផ្លូវបេតុង ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ លោកអភិបាលខេត្ត បានណែនាំម្ចាស់ទីតាំងទាំងពីរនេះ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៕