(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីបញ្ជាក់បន្ថែម ពាក់ព័ន្ធអនុក្រឹត្យ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះហត្ថលេខា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ដោយអះអាងថា អនុក្រឹត្យថ្មីនេះ មិនមែនជាការបង្កើតពន្ធថ្មីនោះទេ តែជាការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តអាករលើតម្លៃបន្ថែម (VAT) ដែលមានស្រាប់តែប៉ុណ្ណោះ។

ការចេញមកបញ្ជាក់យ៉ាងបន្ថែមដូច្នេះ ធ្វើឡើងបន្ទាប់ពីមានការយល់ច្រឡំថា អនុក្រឹត្យ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលទើបដាក់ឲ្យអនុវត្ត គឺជាការបង្កើតពន្ធថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែការពិតមែននោះទេ។

ពាក់ព័ន្ធខ្លឹមសារនៃអនុក្រឹត្យនេះ លោក គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់បន្ថែមថា «អនុក្រឹត្យ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនមែនជាការបង្កើតពន្ធថ្មីនោះទេ។ អាករលើតម្លៃបន្ថែម (VAT) គឺជាពន្ធត្រូវបានប្រមូលលើផលិតផល ឬសេវាគ្រប់ភេទរួចហើយ ក្នុងច្បាប់សារពើពន្ធ ប៉ុន្តែកន្លងទៅការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកអត់ទាន់មានច្បាប់ តែនៅឆ្នាំ២០១៩ ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកច ត្រូវបានអនុម័ត ដូច្នេះតាមរយៈច្បាប់នេះ យើងមានការកំណត់និយមន័យ ពីសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ទើបយើងធ្វើការសម្រួលពន្ធ VAT ដែលយើងបានអនុវត្តរួចនោះ លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះដែរ ទើបមានការយល់ច្រឡំថារដ្ឋាភិបាលបង្កើតពន្ធថ្មី ប៉ុន្តែមិនមែនទេ គឺជាពន្ធដែលយើងមានស្រាប់»។

មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា «អនុក្រឹត្យ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នេះមានវិសាលភាពគ្របដណ្តប់ក្រុមហ៊ុនបរទេស ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍ (ទីតាំងស្នាក់ការ) នៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ដូចជាក្រុមហ៊ុនណាមួយ ដែលមិនមានទីតាំងក្រុមហ៊ុនរបស់ខ្លួននៅកម្ពុជា ប៉ុន្តែក្រុមហ៊ុននោះ មានអតិថិជនរបស់ខ្លួននៅកម្ពុជា ដូច្នេះអនុក្រឹត្យថ្មីនេះ មានវិសាលភាពគ្របដណ្តប់ទៅលើយក្រុមហ៊ុនប្រភេទនេះ។ អីចឹងនៅពេលអតិថិជនក្នុងស្រុក ទិញសេវា ឬផលិតឌីជីថល ពីក្រុមហ៊ុនដែលមិនមានទីតាំងក្នុងស្រុកខ្មែរ ក្រុមហ៊ុននោះត្រូវកាត់ទុក VAT ចំនួន១០% ហើយពន្ធ VAT នេះជាពន្ធដែលយើងមានស្រាប់ តែយើងទើបអាចអនុវត្តបានតាមរយៈច្បាប់ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច»

លោក គង់ ម៉ារី បានបន្ថែមថា ចំពោះការរៀបចំបទប្បញ្ញត្តិ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលជាគំនិតផ្តួចផ្តើម របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុនេះ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើសិក្សា គិតគូររៀបចំជាង១ឆ្នាំមកហើយ ដោយបានទៅធ្វើទស្សនកិច្ចសិក្សា និងសិក្ខាសាលានៅតាមប្រទេសមួយចំនួន ដើម្បីរៀបចំបាទបទបញ្ញត្តិឲ្យគ្រប់ជ្រុងជ្រោយ ដាក់ចេញឲ្យអនុវត្ត។

សូមជម្រាបថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ អគ្គនាយករដ្ឋានពន្ធដារ ចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចដាក់ ឱ្យអនុវត្តអាករលើតម្លៃបន្ថែម ចំពោះទំនិញឌីជីថល និងសេវាឌីជីថល ដែលត្រូវបានផ្គត់ផ្គង់ និងប្រើប្រាស់តាមប្រព័ន្ធអេទ្បិចត្រូនិក ដោយអ្នកផ្គត់ផ្គង់អនិវាសនជន ដែលមិនមានគ្រឹះស្ថានអចិន្រ្តៃយ៍នៅកម្ពុជា។

អនុក្រឹត្យ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនមែនជាការបង្កើតពន្ធថ្មីនោះទេ ប៉ុន្តែជាការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តបទប្បញ្ញត្តិ ស្តីពីអាករលើតម្លៃបន្ថែមដូចមានចែងក្នុងមាត្រា ៧៥ នៃច្បាប់ស្តីពីសារពើពន្ធប៉ុណ្ណោះ ហើយក៏ស្របតាមនិយាមអន្តរជាតិផងដែរ។

កន្លងមក អាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ មិនទាន់អនុវត្តបាន ព្រោះពុំទាន់មានច្បាប់ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើការកំណត់និយមន័យ ឱ្យបានច្បាស់អំពីការធ្វើពាណិជ្ជតាមប្រព័ន្ធអេឡិចត្រូនិក ហើយយោងតាមច្បាប់នេះ បានចាត់ទុកថាការធ្វើសកម្មភាពអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ជាពាណិជ្ជកម្មមួយផងដែរ ដូច្នេះអ្នកជាប់ពន្ធមានកាតព្វកិច្ចត្រូវបង់ពន្ធស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ម៉្យាងវិញទៀត អនុក្រឹត្យនេះត្រូវបានរៀបចំទ្បើងស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ព្រមទាំងក្នុងគោលដៅប្រមូលចំណូល និងពង្រឹងតម្លាភាពបង់ពន្ធ ក៏ដូចជាការធានាបាននូវការប្រកួតប្រជែង ដោយស្មើភាពក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។

ទន្ទឹមនឹងនេះ ការអនុវត្តអនុត្រឹត្យនេះ ក៏អាចទាក់ទាញឱ្យមានការវិនិយោគ មកក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ដែលនឹងជំរុញឱ្យមានការរីកចំរើននៃវិស័យនេះ។ ជាមួយអគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា សហគ្រាស និងសាធារណជនជាតិ និងអន្តរជាតិនឹងខិតខំពង្រឹង នូវការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានខ្ចាប់ខ្ចួន ស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ជាធរមាន៕