(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលប្រកាសអំពីករណីជនជាតិបារាំងម្នាក់អាយុ៨៦ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ១៩

នេះបើយោងតាមសេចក្តីប្រកាសបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យជោរៃបានឱ្យដឹងថា បុរសជនជាតិបារាំងអាយុ៨៦ឆ្នាំ រស់នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ បានចូលមកមន្ទីរពេទ្យ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២៖០០នាទី ថ្ងៃត្រង់ ។

អ្នកជំងឺខាងលើបានចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២៖០០នាទី ជាមួយនឹងស្ថានភាពស្លាប់បាត់បង់ជីវិតរួចទៅហើយ មុនពេលចូលដល់មន្ទីរពេទ្យ។ ដោយជាករណីសង្ស័យសពត្រូវបានយកសំណាកធ្វើវិភាគ ជាលទ្ធផលបញ្ជាក់ថាសពមានវិជ្ជមានកូវីដ-១៩ បញ្ជាក់ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិបារាំងអាយុ ៨៦ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ មុនពេលចូលដល់មន្ទីរពេទ្យ។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕