(ភ្នំពេញ)៖ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជទី៧ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយ នៅថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បាន យាងអភិសេកបដិមា ព្រះពិស្ណុការ ដែលត្រូវបានប្រើប្រាស់សម្គាល់ជានិមិត្តរូបនៃក្រសួងសាធារណការ និងដឹកជញ្ជូន អត្តសញ្ញាណសម្គាល់សម្រាប់ទីស្តីការក្រសួង។

ពិធីអភិសេកបដិមាព្រះពិស្ណុការ បានធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការនិមន្តអមដំណើរពីសម្តេចព្រះឧត្តមបញ្ញា ដួង ផង់ សម្តេចព្រះ ពុទ្ធជ័យមុនី ឃឹម សន សម្តេចឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា ព្រះអង្គគុណម្ចាស់ សារាវន្ត និងព្រះអង្គគុណម្ចាស់ គូ សុភាព និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងមានមន្ត្រីក្រោមឱវាទក្រសួងចូលរួមផងដែរ។

ក្នុងឱកាសនោះដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញអុជធូប បន់ស្រន់ ជាកិច្ចអភិសេកបដិមាព្រះពិស្ណុការ ដែលត្រូវបានប្រើប្រាស់សម្គាល់ ជានិមិត្តរូប នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងបានបួងសួងសូមជួយឱ្យប្រទេសកម្ពុជា រួចចាកផុតពីជំងឺកូវីដ១៩ ។

យោងតាមការសិក្សាប្រវត្តិព្រះពិស្ណុការបានឱ្យដឹងថា ព្រះពិស្ណុការមានតួនាទីបង្កើត សាងសង់ និងការពារ ថែរក្សា ឃុំគ្រង និងតំណាងឱ្យភាពគង់វង្ស រឹងមាំ យូរអង្វែង ជាអមតៈនៃអច្ឆរិយសំណង់នានា ជាបារមីដែលតំណាងឱ្យការកសាងគ្រឹះនៃសំណង់ស្ថាបត្យកម្ម វិស្វកម្ម វប្បធម៌រូបីរបស់ខ្មែរយើង ដោយបានបន្សល់ ទុកនូវកេរ្តិ៍មរតក ដល់មនុស្សជាតិ ទទួលបានភាពល្បីរន្ទឺសុះសាយពេញសកលលោក នាំមកនូវការគោរពនិងកោតស្ញប់ស្ញែងដល់ស្នាដៃសំណង់ប្រាសាទនានារបស់ដូនតា ដែលមានតម្លៃពុំអាចកាត់ថ្លៃបាន។

ប្រជារាស្ត្រខ្មែរជឿជាក់ថា បារមីរបស់ព្រះពិស្ណុការនៅតែបន្តថែរក្សា ការពារ ឃុំគ្រងទឹកដីនគរខ្មែរ ជាពិសេសប្រាសាទនានាដែលបានសាងសង់ឡើង នៅលើទឹកអង្គរ នៃយើងមានអាយុកាលរាប់រយឆ្នាំកន្លងមកហើយ ប៉ុន្តែសំណង់ទាំងអស់នោះនៅតែអាចឈររឹងមាំ បង្ហាញអំណាចបារមីនៅលើទឹកដីនគរខ្មែរដដែល ជាហេតុធ្វើឱ្យ ប្រជាជនខ្មែរ នៅតែបន្តគោរពដឹងគុណដល់បារមីព្រះពិស្ណុការ ដែលជាដួងព្រលឹង ខ្មែរមិនចេះសាបសូន្យ។

គួរកត់សម្គាល់ផងដែរថា៖ គ្រប់ការសាងសង់សំណង់ស្ថាបត្យកម្មតូចធំក្តី គេតែងតែសែនព្រេន យាងអញ្ជើញព្រះពិស្ណុការមកសណ្ឋិត ផ្តល់ភាពត្រជាក់ប្រជុំជួយថែរក្សា ឱ្យបានគង់វង្ស យូរអង្វែងនៃ សំណង់ទាំងអស់នោះ និងសុំសេចក្តីសុខចម្រើន និងសុវត្ថិភាព ដោយគេមានជំនឿថា៖ បារមីព្រះអង្គ នឹងយាងមកឱ្យពរជ័យដល់កូនចៅ ដែលជាម្ចាស់សំណ បានសមប្រកបដោយសិរីមង្គលវិបុលសុខគ្រប់ប្រការ។

សូម្បីតែការសង់ផ្ទះ សំណង់អគារតាមភូមិ តាមស្រុកនានាបច្ចុប្បន្ននេះក្តី ក៏គេត្រូវធ្វើពិធីឧទ្ទិសប្រារឰបួងសួងក្រុងពាលីថ្វាយព្រះបារមីព្រះពិស្ណុការសុំសុខចម្រើន មានជ័យ សិរីសួស្ដីផងដែរ។ លើសពីនេះទៀត ព្រះពិស្ណុការ ត្រូវបានចាត់ទុកជាព្រះបារមីសម្ដេចព្រះគ្រូស្ថាបត្យកម្ម ដួងព្រលឹងនគរខ្មែរ និងត្រូវបានប្រជាជនខ្មែរ គោរពដឹងគុណជាហូរហែតរៀងមក៕