(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញលទ្ធផលអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០២ករណី ដែលជាករឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច បានឱ្យដឹងថា យោងតាមលទ្ធផលវិភាគសំណាកចេញដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានបង្ហាញលទ្ធផលអ្នកវិជ្ជមានកូវីដ-១៩ រួមមានទី៖

* ករណីទី០១៖ ឈ្មោះ ឆេង ទូច អាយុ ៥៨ មុខរបរ អ្នកលក់កាហ្វេ នៅភូមិបន្ទាយរការ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាពនៅពេលដែលបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តរយៈពេល១ (មួយ) ម៉ោងក្រោយ។

អ្នកជំងឺខាងលើធ្លាប់បានទៅចូលរួមតាមទីកន្លែងមួយចំនួនដូចខាងក្រោម៖

ពីរសប្តាហ៍មុន បានធ្វើដំណើរទៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ក្នុងគោលបំណងសាកសួរស្ដីដណ្ដឹងកូនគេឱ្យកូនប្រុសគាត់។ បន្ទាប់ពីត្រឡប់មកវិញ មានបញ្ហាស្រីតប្រព័ន្ធដង្ហើមថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានទៅព្យាបាលជំងឺនៅបន្ទប់ពិគ្រោះជំងឺ ម៉េត ម៉ី នៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានទៅព្យាបាលជំងឺនៅបន្ទប់ពិគ្រោះជំងឺ រស់ លីម ស្ថិតនៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

* ករណីទី០២៖ ឈ្មោះ ពេជ្រ ឥណ្ឌា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន បានធ្វើដំណើរពីរាជធានីភ្នំពេញ។

ប្រវត្តិអ្នកជំងឺមុនទទួលលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩៖ តាមការបញ្ជាក់ ឈ្មោះ ពេជ្រ ឥណ្ឌា ថ្ងៃទី៣-៤ ខែមេសា បានទៅស្នាក់នៅផ្ទះជួលស្ថិតនៅសួនកាណាឌីយ៉ា ផ្លូវវេងស្រេង រាជធានីភ្នំពេញជាមួយប្រពន្ធ។

នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បានត្រឡប់មកខេត្តកំពង់ស្ពឺវិញ និងបានស្នាក់នៅបន្ទប់ជួលខាងក្រោយពន្ធនាគារខេត្ត ភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ដោយស្នាក់នៅជាមួយប្អូន។ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានមកពិនិត្យតេស្តនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ហើយទទួលបានលទ្ធផលនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ មានវិជ្ជមានកូវីដ-១៩។

បើតាមសេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា ទីតាំង និងការប្រាស្រ័យទាក់ទងអ្នកពាក់ព័ន្ធ ទី១៖ ប្រពន្ធឈ្មោះ គួង បញ្ញា ជាកម្មករនៅរោងចក្រ ឌីន ហាន់ តេស្តវិជ្ជមានកូវីដ-១៩ ដឹងលទ្ធផលនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១១, ទី២៖ ឈ្មោះ ពេជ្រ បារាំង ភេទប្រុស អាយុ ៣១ឆ្នាំ ត្រូវជាប្អូន មានមុខរបរជាងឈើនិងមានប្រពន្ធឈ្មោះ ទេព ផល្លា រស់នៅខេត្តស្វាយរៀង និងទី៣៖ ម្ចាស់បន្ទប់ជួលមាន០២គ្រួសារគ្រួសារទី១ មានសមាជិកក្នុងបន្ទុកចំនួន០៤នាក់, គ្រួសារទី២ មានសមាជិកក្នុងបន្ទុក០៣នាក់) និងអ្នកដែលស្នាក់នៅក្នុងបន្ទប់ជិតគ្នាចំនួន ១៧នាក់ ស្រី០៣នាក់។

ចំពោះទីតាំងដែលបុគ្គលខាងលើបានធ្វើដំណើរមានដូចជា៖

*ជាជាងឈើ កំពុងសាងសង់ផ្ទះ នៅភូមិព្រៃបេង ឃុំស្គុះ ស្រុកសំរោងទង
* បានដើរផ្សារកំពង់ស្ពឺ ម្ដុំផ្សារបន្លែខាងក្រៅបណ្តោយមាត់ស្ទឹង។

ទន្ទឹមនេះ រដ្ឋបាលខេត្តបាននិងកំពុងចាត់វិធានការស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះជាបន្តទៀត។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោលទាំងអស់ត្រូវទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និង មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង និងដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។

ជាមួយគ្នានេះ ក្នុងករណីបងប្អូនប្រជាពលរដ្ឋមានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬ រោគសញ្ញាសង្ស័យផ្សេងៗ សូមមេត្តាទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្ត ឬមណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋានរបស់បងប្អូន និង រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ៖ ០១២ ៩៨៥ ៦៨៩/០៨៨ ៥៩៨ ៤៤៩៦

រដ្ឋបាលខេត្តកំពង់ស្ពឺ សង្ឃឹមយ៉ាំងមុតមាំថា បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្តីប្រកាសព័ត៌មាននេះឱ្យមានប្រសិទ្ធិភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវិធានការ «៣កុំ ៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដោយឡែក ចំពោះអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការរបស់សុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងនេះ៕