(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានគ្រឿងបរិក្ខារ និងគ្រឿងឧបភោគបរិភោ ពីក្រុមហ៊ុន The Warehouse and Monument Books Co., Ltd សម្រាប់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ការប្រគល់ និងទទួលអំណោយខាងលើ បានធ្វើឡើង នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីតំណាងក្រសួងការងារ, លោកស្រី ថេង ធារី និងលោក ម៉េង ហៀង ដែលជាប្រធានក្រុមហ៊ុន The Warehouse and Monument Books Co., Ltd នៅទីស្តីការក្រសួងការងារ។

នាឱកាសនោះ តំណាងក្រសួងការងារ បានថ្លែងថា ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកស្រី ថេង ធារី និង លោក ម៉េង ហៀង ដែលបានជួយឧបត្ថម្ភនូវអំណោយ សម្រាប់ចូលរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត។

តំណាងក្រសួងការងារ ថែមទាំងបានកោតសរសើរដោយស្មោះចំពោះទឹកចិត្តដ៏សប្បុរសធម៌ និងមនសិការស្នេហាជាតិ របស់លោកស្រី ថេង ធារី និងលោក ម៉េង ហៀង ដែលជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ បានយ៉ាងទាន់ពេលវេលា។

អំណោយគ្រឿងបរិក្ខារ និងគ្រឿងឧបភោគបរិភោគខាងលើ រួមមាន ម៉ាសចំនួន ២៥ ០០០ម៉ាស, អាវ PPE ចំនួន ៤៦០ឈុត, មីចំនួន ២០០កេស និងទឹកបរិសុទ្ធ ចំនួន ២០០កេស។

លោកស្រី ថេង ធារី បានថ្លែងឲ្យដឹងថា អំឡុងពេលកម្ពុជាកំពុងជួបប្រទះបញ្ហារីករាលដាលកូវីដ១៩ នេះកាលៈទេសៈមួយដែលគ្រប់ភាគីទាំងអស់ ត្រូវតែសហការជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ទល់ស្ថានការដ៏តានតឹងមួយនេះឲ្យបានប្រសើរឡើងវិញ។ ជាក់ស្តែង ការឧបត្ថម្ភអំណោយដល់ក្រសួងការងារនេះ គឺជាការបង្ហាញពីទឹកចិត្តស្រឡាញ់ជាតិ និងមាតុភូមិ ក៏ដូចជាចង់ឲ្យប្រទេសជាតិទាំងមូល រីកចម្រើនទៅមុខជានិច្ច។

លោកស្រី ក៏បានកោតសរសើរចំពោះការលះបង់ពេលវេលាផ្ទាល់ខ្លួនដ៏មានតម្លៃរបស់កងកម្លាំង មន្ត្រីរាជការស៉ីវិល និងការលះបង់របស់ប្រជាពលរដ្ឋដទៃទៀត ដែលតែងតែជួយគាំទ្រសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ជាពិសេសសម្រាប់ជួយប្រទេសជាតិទាំងមូល៕