(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញមកប្រកាសអំពាវនាវ ដោយទទូចទៅដល់ប្រជាពលរដ្ឋ សូមឲ្យរក្សាភាពស្ងប់ស្ងៀម ជាជាងការសម្រុកទៅផ្សារដែលនាំឲ្យកកកុញជាច្រើន នាំឲ្យមានហានិភ័យខ្ពស់ថែមទៀត ក្នុងការចម្លងជំងឺកូវីដ១៩។

មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានប្រាប់ទៅប្រជាពលរដ្ឋសូមឲ្យជឿជាក់លើវិធានការរបស់រាជរដ្ឋាភិបាល ដែលមានការគិតគូរយ៉ាងត្រឹមត្រូវ ហើយក៏មិនបានបិទជិតឈឹងមិនឲ្យបងប្អូនទៅទិញម្ហូប អាហារទទួលទាននោះឡើយ។

ការចេញមកប្រកាសអំពាវនាវរបស់អ្នកនាំពាក្យក្រសួងសុខាភិបាល បានកើតឡើងភ្លាមៗ ក្រោយពីសកម្មភាពប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ តាំងពីល្ងាចរហូតមកដល់យប់ថ្ងៃនេះ បានសម្រុកទៅទិញម្ហូបអាហារ និងសម្ភារប្រើប្រាស់នៅតាមទីផ្សារជាច្រើនកន្លែងយ៉ាងណែនតាន់តាប់ ដោយម្នាក់ៗបានទទួលព័ត៌មានមិនទាន់ផ្លូវការថា អាជ្ញាធរនឹងបិទចរាចរណ៍នៅរាជធានីភ្នំពេញ។

តាមរយៈបណ្ដាញព័ត៌មាន Fresh News លោកស្រី ឱ វណ្ណឌីន បានផ្ញើសារជូនប្រជាពលរដ្ឋយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារដែលបង្កើត បានជាភាពកកកុញមនុស្សច្រើន ជម្រុញនូវហានិភ័យកាន់តែខ្ពស់ឡើងថែមទៀត ដល់បងប្អូនក្នុងការឆ្លងវីរុសកូវីដ-១៩។ បងប្អូនអាចនឹងឆ្លងជំងឺកូវីដ-១៩ បានគ្រប់ពេលនៅពេលដែលនៅកន្លែងប្រជ្រៀតគ្នាខ្លាំងពេកនោះ ឬកន្លែងដែលមិនមានគម្លាតគ្នា ពីមួយម៉ែត្រកន្លះឡើង ហើយមិនមានពាក់ម៉ាស់ និងលាងដៃញឹកញាប់ទេនោះ»

លោកស្រីបានបញ្ជាក់ជាថ្មិទៀតថា «សូមត្រូវចងចាំថា វីរុសកូវីដ-១៩ សប្បាយចិត្តខ្លាំង ចូលចិត្តខ្លាំង និងពេញចិត្តជាទីបំផុត ក្នុងការដើរចម្លងពីបុគ្គលម្នាក់ ទៅម្នាក់ទៀតបានយ៉ាងងាយស្រួល ដោយមិនមានរបាំងហាមឃាត់ ឬសម្លាប់វីរុសដ៏សាហាវនេះនោះ។ សុំជឿជាក់លើវិធានការរបស់រាជរដ្ឋភិបាលដែលមានការគិតគូរត្រឹមត្រូវ នឹងមិនបិទជិតឈឹងមិនឲ្យមានវិធី ក្នុងការរកម្ហូបអាហារទទួលទាននោះឡើយ។ សូមចូលរួមអនុវត្តវិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងការពារកូវីដ-១៩ + ចូលឆ្នាំនៅផ្ទះ ដើម្បីឈ្នះការវ៉ៃលុកកូវីដ-១៩ ដោយបុគ្គលមានការទទួលខុសត្រូវខ្ពស់សម្រាប់សុខភាពផ្ទាល់ខ្លួន សុខភាពគ្រួសារខ្លួន និងដើម្បីសហគមន៍យើង»