(ព្រះវិហារ)៖ មន្ត្រីមន្ទីរសុខាភិបាលខេត្តព្រះវិហារ រួមសហការជាមួយរដ្ឋបាលក្រុងព្រះវិហារ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានចុះបិទទីតាំងចំណតរថយន្តក្រុងរបស់ក្រុមហ៊ុន «GTF» ស្ថិតក្នុងក្រុងព្រះវិហារ ដែលបានដឹកអ្នកវិជ្ជមានកូវីដ១៩ ឈ្មោះ កែវ ឧស្សាហ៍ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១កន្លងមក។

ជាមួយគ្នានេះ មន្ត្រីសុខាភិបាលក៏បានបាញ់ថ្នាំសំលាប់មេរោគកូវីដនៅចំណតរថយន្តក្រុងក្រុមហ៊ុន «GTF» នឹងបានបន្តទៅបាញ់ថ្នាំសំលាប់មេរោគកូវីដនៅផ្ទះឈ្មោះ កែវ ឧស្សាហ៍ ដែលមានផ្ទុកមេរោគកូវីដ១៩ នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ផងដែរ។

ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ បន្តអនុវត្តន៍ឲ្យបានទៀងទាត់តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងវិធានការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ក៏ដូចជាការណែនាំរបស់អាជ្ញាធរខេត្តព្រះវិហារ ដើម្បីការពារខ្លួនយើងក្រុមគ្រួសារយើង និងសហគមន៍យើងពីការឆ្លងពីជំងឺកូវីដ១៩៕