(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកជាបណ្ដោះអាសន្នអាជីវកម្មលក់ដូរ នៅតាមទីតាំងតូបលក់ដូរចំនួន៣៦ នៅក្នុងផ្សារលើក្រុងព្រះសីហនុ ក្រោយជាប់ពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩។

យោងតាមសេចក្ដីសម្រេចរបស់អភិបាលខេត្តព្រះសីហនុ បានផ្អាកអាជីវកម្មតូបលក់ដូរ ចំនួន៣៦តូប ដូចជា៖ លក់គ្រឿងសមុទ្រ លក់ត្រីទឹកសាប លក់សាច់មាន់ លក់សាច់ជ្រូក លក់បន្លែ និងតូបស្ងោក្ដាម ដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រងកុំឲ្យមានការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងឡើង។

អភិបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកអាជីវកម្មតូបលក់ដូរទាំង៣៦ខាងលើនេះ មានរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ អាជីវករលក់ដូរនៅផ្សារលើក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រកឃើញកើតជំងឺកូវីដ១៩ជាបន្ដបន្ទាប់ សរុប៣នាក់។

ឆ្លើយតបទៅនឹងអ្វីដែលជាសភាពការណ៍ថ្មី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ តាមរយៈបណ្ដាញព័ត៌មាន Fresh News បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយអាជីវករផ្សារលើទាំងអស់ ត្រូវទៅយកសំណាកជាបន្ទាន់ ហើយតាមដានសុខភាពជាប្រចាំ ព្រមទាំងធ្វើចត្តាឡីស័ក បើសិនមានបញ្ហាអ្វីមួយនឹងសុខភាពរបស់ខ្លួន។

បន្ថែមពីនេះ លោក គួច ចំរើន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលមិនត្រូវការទំនិញអ្វីចាំបាច់ទេនោះ គួរផ្អាកទៅផ្សារលើជាបណ្ដោះអាសន្នសិន លើកលែងករណីចាំបាច់ពាក់ព័ន្ធការទិញម្ហូបប្រចាំថ្ងៃប៉ុណ្ណោះ។ ប៉ុន្ដែលោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ គួរទិញម្ហូបទឹកឲ្យបានច្រើន ដើម្បីជៀសវាងការមកផ្សារជារៀងរាល់ថ្ងៃ៕