(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានថ្លែងអំណរគុណជូន លោកឧកញ៉ា សុខ សុវណ្ណា និងលោកជំទាវ ចាន់ សុទ្ធី ដែលបានឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារ ជូនដល់សាលាខណ្ឌដូនពេញ សម្រាប់ប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការជំងឺកូវីដ១៩ ក្នុងសហគមន៍។

លោក សុខ ពេញវុធ បានគូសបញ្ជាក់ថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌របស់លោកឧកញ៉ា សុខ សុវណ្ណា និងលោកជំទាវ ចាន់ សុទ្ធី ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសបានទាន់ពេលវេលា។

លោកបានបញ្ជាក់បន្ថែមថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រឡាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតជំងឺកូវីដ-១៩។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវ បានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលសាលាខណ្ឌដូនពេញ និងប្រជាជនកម្ពុជាទាំងអស់៕