(ភ្នំពេញ)៖ ម៉ាសចំនួន១០ម៉ឺនម៉ាស និងទឹកអាកុលចំនួន៦០០លីត្រ ត្រូវបានសប្បុរសជននាំយកទៅឧបត្ថម្ភជូនអង្គភាពស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ និងទុកចែកជូនប្រជាជននៅក្នុងខេត្តផងដែរ។

ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំតែម្ដងរវាងតំណាងសប្បុរសជនដឹកនាំដោយលោកឧកញ៉ា ថាច់ សុខវិជ័យ និងលោកឧត្តមសេនីយ៌ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងមន្ត្រីនគរបាលជាច្រេីនរូបទៀត នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ។

សប្បុរសជនដែលបានចូលរួមឧបត្ថម្ភជាថវិកាទិញម៉ាស និងទឹកអាកុលសំរាប់ឧបត្ថម្ភដល់អង្គភាពស្នងការការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាពេលនេះ រួមមាន លោក ឧកញ៉ា សំ ប៊ន ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, អ្នកឧកញ៉ា ប៉ោ សំអឿន, លោកឧកញ៉ា ថាច់ សុខវិជ័យ, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោកឧត្តមសេនីយ៍ ហ៊ាង ហ្វូខាយ អគ្គាធិការរង នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ ហៀ ហ៉ីន ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

លោកឧកញ៉ា ថាច់ សុខវិជ័យ តំណាងឲ្យសប្បុរសជន បានលើកឡើងថា ដោយមើលឃើញនូវតម្រូវការប្រើប្រាស់ចាំបាច់របស់អង្គភាព ស្នងការដ្ឋានគរបាលខេត្ត រួមទាំងប្រជាជននៅក្នុងខេត្តផងដែរ ទើបលោក និងបងប្អូនមិត្តភក្ដិទាំងអស់គ្នានៅក្នុងគ្រុបតេឡេក្រាម បានរៃអង្គាសថវិកាទិញបានម៉ាស និងទឹកអាកុលខាងលើ ដើម្បីឧបត្ថម្ភសម្រាប់យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់របស់អង្គភាព។

ក្នុងនោះ លោកឧកញ៉ា ក៏សំណូមពរសូមឲ្យមន្ត្រីនគរបាលទាំងអស់ ក៏ដូចប្រជាជនទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការពារពីការឆ្លងជំងឺកូវីដ-១៩ គឺនាំគ្នាពាក់ម៉ាស លាងដៃ រក្សាគម្លាតសង្គម ជាដើម។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានធ្វើការឧបត្ថម្ភ នូវម៉ាស និងទឹកអាកុលខាងលើដែលជាតម្រូវការចាំបាច់បំផុត សម្រាប់យកទៅប្រើប្រាស់នៅក្នុងអង្គភាព និងអាចចែកជូនដល់ប្រជាជននៅក្នុងខេត្តផងដែរ៕