(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៣៤៤នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន២៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៣៤៤នាក់ ក្នុងនោះមាន៥នាក់ ជាករណីនាំចូលមកពីក្រៅប្រទេស និង៣៣៩នាក់ផ្សេងទៀត ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ២៤៣នាក់, ព្រះសីហនុ ៦នាក់, ស្វាយរៀង ៧១នាក់, កណ្ដាល ៨នាក់, ក្រចេះ ២នាក់, សៀមរាប ១នាក់, កោះកុង ៥នាក់ និងខេត្តតាកែវ ៣នាក់។

សម្រាប់អ្នកជាសះស្បើយទាំង២៩នាក់វិញ ក្នុងនោះម្នាក់ជាជនជាតិឥណ្ឌូនេស៉ី ដែលធ្វើដំណើរមកពីក្រៅប្រទេស ម្នាក់ និង ២៨នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៥ ២១៨នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៤ ៦៧៦នាក់, អ្នកជាសះស្បើយចំនួន ២ ៣១៩នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ២ ៨៥៨នាក់, អ្នកស្លាប់ចំនួន ៣៦នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕