(ភ្នំពេញ)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានស្រង់សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថា មានករណីវិជ្ជមានជំងឺកូវីដ-១៩ លើបុគ្គលចំនួន ០២នាក់ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង បន្តថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកអ្នកមានរោគសញ្ញាចូលក្នុងនិយមន័យសង្ស័យថាមានជំងឺកូវីដ-១៩ នៅអតីតយានដ្ឋាន Mr.SO ក្រុងបាវិត ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ រួមមាន៖

១៖ បុរសឈ្មោះ អៀម គីមហុង អាយុ ៣៣ឆ្នាំ នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត
២៖ ឈ្មោះ គឹម វ៉ាន់ដា អាយុ ៣៣ឆ្នាំ នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។

បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងមានអ្នកប៉ះពាល់ផ្ទាល់ចំនួន ០៨នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាក និងដាក់ធ្វើចត្តាឡីស័កនៅផ្ទះ ដើម្បីតាមដានសុខភាព។

ចំពោះទីតាំងដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត រួមមាន៖
* ផ្សារតាពៅ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត
* ផ្សារតាបឹប ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។

រដ្ឋបាលខេត្ត បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើ គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកដែលមានទីតាំងនៅ អតីតយានដ្ឋាន Mr.SO ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ឬទំនាក់ទំនងាលេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤ ៧១២ ៥២២៕