(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានទទួលការឧបត្ថម្ភគ្រែពេទ្យចំនួន៦០ និងឧបករណ៍តាមដានជីវិតចំនួន១០ ពីសប្បរសជនសម្រាប់ចូលរួមទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩ នៅក្នុងខេត្ត ខណៈការឆ្លងហាក់មានការកើនឡើងក្នុងរយៈចុងក្រោយនេះ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានក្នុងនាមក្រុមប្រឹក្សា ខេត្តគណៈអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុន និងសប្បរសជនទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។

ក្រុមហ៊ុន និងសប្បរសជនដែលបានចូលរួមបរិច្ចាគជូនរដ្ឋបាលខេត្តកំពង់ស្ពឺ រួមមាន៖

*ទី១៖ ក្រុមហ៊ុន Agile Sweater (Cambodia) Co.,Ltd
*ទី២៖ ក្រុមហ៊ុន Ciglo (Cambodia) Co.,Ltd
*ទី៣៖ ក្រុមហ៊ុន Shui Yats A (Cambodia)Co.,Ltd
*ទី៤៖ ក្រុមហ៊ុន SUN SHUI SHING INDUSTRIAL (CAMBODIA) CO., LTD
*ទី៥៖ ក្រុមហ៊ុន HSD (Cambodia)Co.,Ltd ដែលបានផ្ដល់គ្រែពេទ្យចំនួន៦០ និងឧបករណ៍តាមដានជីវិតចំនួន១០ តាមរយៈលោកស្រី សេន ឌី សម្រាប់ចូលរួមទប់ស្កាត់ និងព្យាបាលជំងឺកូវីដជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ។

អភិបាលខេត្តកំពង់ស្ពឺ បានចាត់ទុកថា ការជួយឧបត្ថម្ភដល់រដ្ឋបាលខេត្ត គឺដូចជាបានជួយទ្រទ្រង់ចំពោះសុខភាពប្រជាពលរដ្ឋទូទាំងខេត្ត ជាងនេះទៅទៀតហាក់បានជួយសម្រួល បន្ទុកដល់រាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំង និងជំងឺកាចសាហាវកូវីដ១៩ ដែលរាតត្បាតលើសកលលោក បានសម្លាប់ជីវិតរាប់លាននាក់។

លោកអភិបាលខេត្ត នៅតែអំពាវនាវចំពោះសប្បុរសជនទាំងឡាយ មានបំណងជួយសម្រាលចំពោះកិច្ចការខាងលើ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនសប្បុរសនៅតែបន្តជួយដើម្បីផ្តល់ជូនចំពោះប្រជាពលរដ្ឋ ដែលការខ្វះខាតបន្ត៕