(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យរោងចក្រ សហគ្រាស និងសិប្បកម្ម ចំនួន១១ ប្រភេទ អាចដំណើរការជាធម្មតា នៅអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនាពេលនេះ។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

តាមសេចក្តីសម្រេចនេះ បានបញ្ជាក់ថា ប្រភេទរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការសកម្មភាពអាជីវកម្មក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ជា បណ្តោះអាសន្ននូវភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល មានដូចខាងក្រោម៖

១៖ ផលិតម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដោយរួមទាំងទីសត្តឃាត ដែលជាតម្រូវការចាំបាច់ ប្រចាំថ្ងៃ
២៖ សកម្មភាពការងារដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ តាមការកំណត់របស់ស្ថាប័ននីមួយៗ ជាអាទិ៍ សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី, ទឹកស្អាត, សេវាប្រមូល និងដឹកជញ្ជូនសំរាម- សំណល់រឹង ជាដើម
៣៖ រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលដំណើរការតាមរយៈប្រព័ន្ធអនឡាញ
៤៖ សេវាកម្មផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ជាអាទិ៍ ហាងលក់ទំនិញ ផ្សារលក់ដុំ ផ្សារ ឬទីតាំងលក់គ្រឿងឧបភោគបរិភោគដែលមានសណ្តាប់ធ្នាប់ ផ្សារម៉ាត និងភោជនីយដ្ឋាន-អាហារដ្ឋាន ដែលលក់ជាអាហារវេចខ្ចប់, ស្ថានីយប្រេងឥន្ធនៈ-ហ្គាស
៥៖ ការផ្គត់ផ្គង់សេវាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ជាអាទិ៍ សេវាសង្គ្រោះបន្ទាន់, សេវាសុខាភិបាល និងឱសថស្ថាន, សេវាប្រៃសណីយ៍-ទូរគមនាគមន៍, សេវាធនាគារ និងហិរញ្ញវត្ថុ និងសេវាធានារ៉ាប់រង ប៉ុន្តែត្រូវកាត់បន្ថយចំនួនបុគ្គលិកបម្រើការឱ្យមកនៅត្រឹមកម្រិតអប្បបរមា
៦៖ សេវាកម្មសណ្ឋាគារ និងផ្ទះសំណាក់
៧៖ សេវាកម្មដឹកជញ្ជូនទំនិញចាំបាច់ដើម្បីបម្រើឱ្យភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់
៨៖ សេវាកម្មដឹកជញ្ជូនទំនិញទូទៅចេញ-ចូល ឬឆ្លងកាត់ភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ដើម្បីបម្រើ ឱ្យវិស័យសង្គម-សេដ្ឋកិច្ចនៃប្រទេស
៩៖ ការផលិតសម្ភារបរិក្ខារពេទ្យ និងថ្នាំពេទ្យ
១០៖ ការដ្ឋានសំណង់ដែលមានកន្លែងស្នាក់នៅជាប់ការដ្ឋានសំណង់ និង
១១៖ សកម្មភាពការងារ មុខរបរ ឬអាជីវកម្មចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមាន សមត្ថកិច្ច។

ក្រសួងការងារក៏បានអនុញ្ញាតឱ្យបុគ្គលិកផ្នែកសន្តិសុខ, រដ្ឋបាល, ហិរញ្ញវត្ថុ, ផ្គត់ផ្គង់ និងដឹកជញ្ជូន នៃរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលត្រូវបានឱ្យផ្អាកដំណើរការអាជីវកម្ម ចំនួនមិនលើសពី២៥នាក់ ក្នុងមួយរោងចក្រ សហគ្រាសមកបំពេញការងារជាធម្មតា ដើម្បីធានាសេវាអប្បបរមា និងគ្រប់គ្រងសន្និធិទំនិញ និងផលិតផល របស់ខ្លួន។

រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលត្រូវបានអនុញ្ញាតដូចបានរៀបរាប់ខាងលើ បុគ្គល គ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាលរួមមានការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

រាល់រោងចក្រ សហគ្រាស សិប្បកម្ម ឬទីតាំងអាជីវកម្មដែលត្រូវបានអនុញ្ញាតឱ្យនៅបើកដំណើរការ ស្របតាមប្រការ១ នៃសេចក្តីសម្រេចនេះ ត្រូវផ្អាកប្រតិបត្តិការរបស់ខ្លួនចាប់ពីម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) សម្រាប់ទទួលអតិថិជនដោយផ្ទាល់ លើកលែងចំពោះសេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល ឱសថស្ថាន ស្ថានីយប្រេងឥន្ធនៈ សេវាសណ្ឋាគារ និងផ្ទះសំណាក់ និងសេវាសាធារណៈចាំបាច់ដទៃទៀតដោយមានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្មក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និង ដែលមិនមានការហាមឃាត់ខាងលើ និយោជក និងកម្មករនិយោជិត ត្រូវភ្ជាប់មកជាមួយនូវ ឯកសារបញ្ជាក់អំពីការងារ មុខរបរ ឬអាជីវកម្ម ដែលចេញដោយទីកន្លែងអាជីវកម្មពាក់ព័ន្ធ និងលិខិតអនុញ្ញាត ដែលចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត កណ្តាលសម្រាប់រោងចក្រ សហគ្រាសដែលស្ថិតនៅក្រុងតាខ្មៅ នៃខេត្តកណ្តាល ដូចក្នុងឧបសម្ព័ន្ធនៃសេចក្តី សម្រេចនេះ៕