(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងពីតម្រូវការឯកសារ និងទីកន្លែងស្នើសុំ «លិខិតអនុញ្ញាតចេញ-ចូល» រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលត្រូវបានអនុញ្ញាតឲ្យដំណើរការ ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ ជាបណ្តោះ

អាសន្ននៅភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។

ក្នុងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រាបទៅកាន់លោក លោកស្រី ជាម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងសិប្បកម្ម ដែលត្រូវបានអនុញ្ញាតឲ្យដំណើរការអាជីវកម្ម និងបុគ្គលិកចាំបាច់បំផុត នៃរោងចក្រ សហគ្រាស និងសិប្បកម្ម
ដែលត្រូវបានឲ្យផ្អាកដំណើរការអាជីវកម្ម ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ជាបណ្តោះអាសន្ននៅភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទទួលបាននូវ «លិខិតអនុញ្ញាតចេញ-ចូល» ត្រូវអនុវត្តដូចខាងក្រោម៖

* ទី១៖ ត្រូវយកឯកសារបើកសហគ្រាស និងបញ្ជីឈ្មោះកម្មករនិយោជិត និងបុគ្គលិក ដែលត្រូវធ្វើដំណើរមកបំពេញការងារក្នុងអំឡុងពេលបិទខ្ទប់។

* ទី២៖ ត្រូវចាត់តំណាង១រូប មកស្នើសុំនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់រោងចក្រ សហគ្រាស សិប្បកម្មនៅរាជធានីភ្នំពេញ និងមកស្នើសុំនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល សម្រាប់រោងចក្រសហគ្រាស សិប្បកម្មនៅក្រុងតាខ្មៅ។

បន្ថែមលើ «លិខិតអនុញ្ញាតចេញ-ចូល» នេះ លោក លោកស្រី ព្រមទាំងកម្មករ និយោជិត និងបុគ្គលិក ត្រូវយកតាមខ្លួនផងដែរ នូវបណ្ណការងារ ឬបណ្ណបុគ្គលិក និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីបង្ហាញជូនសមត្ថកិច្ច។ ជនទាំងឡាយណាដែលក្លែង «លិខិតអនុញ្ញាតចេញ-ចូល» ឬប្រើលិខិតនេះ ខុសពីគោលបំណងដើមត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 012 436 143/098 700 542 សម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម នៅរាជធានីភ្នំពេញ ដោយឡែក 015 29 29 29 /012 687 853 សម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម នៅក្រុងតាខ្មៅ នៃខេត្តកណ្តាល៕