(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសារអំពាវនាវជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋ សូមរួមគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោលកូវីដ-១៩ ដើម្បីចៀសផុតពីជ្រោះមរណៈ ដោយសារជំងឺដ៏កាចសាហាវ ដែលនៅចំពោះមុខយើងទាំងអស់គ្នា។

លោកស្រីបន្តថា ត្រូវធ្វើសកម្មភាពរួមគ្នា ដើម្បីប្រយុទ្ធនឹងវីរុសកូវីដ-១៩ សម្រាប់ការរស់នៅល្អប្រសើរនៅថ្ងៃស្អែក សម្រាប់ឆ្នាំល្អប្រសើរ និងសម្រាប់អនាគតល្អប្រសើរ។

លោកស្រី ឱ វណ្ឌឌីន បន្ថែមថា «សិទ្ធិរបស់អ្នក គឺជាសិទ្ធិរបស់ដែលត្រូវបានការពារពីការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត។ ដូច្នេះ យើងទាំងអ់គ្នាត្រូវអនុវត្តសិទ្ធិរបស់យើងក្នុងការវាយបកធ្វើឱ្យវីរុសកូវីដ-១៩ ទទួលរងនូវការបរាជ័យ ដោយស្នាដៃពួកយើងទាំងអស់គ្នា។ សូមមានសុវត្ថិភាពល្អទាំងអស់គ្នា ដោយនៅផ្ទះ!»

សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានអង្វរប្រជាពលរដ្ឋខ្មែរឱ្យរួមគ្នា ដើម្បីយកឈ្នះលើព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកំពុងស្ថិតលើមាត់ជ្រោះនៃមរណៈ បើមិនរួមគ្នាជម្នះទេនោះ នឹងឈានទៅរកមរណៈមិនខាន។

សម្តេចតេជោ បានថ្លែងទទូចទៅកាន់ប្រជាពលរដ្ឋឱ្យគ្នាបិទបញ្ចប់ព្រឹត្តិការណ៍មួយនេះយ៉ាងដូច្នេះ «សូមអង្វរកបងប្អូនប្រជាពលរដ្ឋរបស់យើង ខិតខំឡើងរួមគ្នា ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់។ យើងកំពុងស្ថិតនៅមាត់ជ្រោះ នៃមរណៈហើយ ប្រសិនបើយើងមិនប្រឹងរួមគ្នា យើងនឹងឈានទៅរកមរណៈពិតប្រាកដ។ ដូច្នេះវិធីតែមួយគត់ គឺរួមដៃគ្នាទាំងរដ្ឋ និងប្រជាជន»

ព្រឹត្តិការណ៍សហគមន៍កុម្ភៈ បានធ្វើឲ្យចំនួនអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានកើនឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ គួរឲ្យបាម្ភបំផុត។ គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន ៤ ៦៧៦នាក់៕