(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង តាមរយៈបណ្តាញព័ត៌មានផ្លូវការ Fresh News នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងអំណរគុណដល់ អាជីវករទាំងងស់ដែលមិនដំឡើងថ្លៃអាហារ និងទំនិញរបស់ខ្លួន នៅអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នាពេលនេះ។

លោកអភិបាលរាជធានី បានចាត់ទុកថា ការមិនឆក់ឱកាសដំឡើងថ្លៃអាហារ និងទំនិញរបស់អាជីវករទាំងនោះ ជាការគាំទ្រ និងចូលរួមសហការជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។

សូមបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានអាជីវករមួយចំនួន ក៏បានឆក់ឱកាសដំឡើងថ្លៃអាហារ និងទំនិញរបស់ខ្លួនតាមអំពើចិត្ត ដោយសារតែមានប្រជាពលរដ្ឋជាច្រើនសម្រុកទៅទិញអាហារ និងទំនិញទាំងនោះ ដើម្បីត្រៀមទុកហូប និងប្រើប្រាស់។

បន្ទាប់ពីមើលឃើញស្ថានភាពនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អាជីវករនានាកុំដំឡើងថ្លៃអាហារ និងទំនិញនាពេលនេះ ហើយក៏បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវជាបន្ទាន់ ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរទំនិញទាំងឡាយណា ដែលឡើងថ្លៃហួសហេតុ គ្រាដែលកម្ពុជាកំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩ផងដែរ។

លោក ឃួង ស្រេង បានចាត់ទុកថា ការដំឡើងថ្លៃទំនិញហួសហេតុនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋគ្រាដែលរាជរដ្ឋាភិបាលបានដាក់ចេញ វិធានការជាបន្ដបន្ទាប់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ និងក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕