(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងនៅលើ Facebook ថា បុគ្គលិកហាងនំប៉័ង អាស៉ី-អឺរ៉ុប នៅផ្លូវ៣១០ កែងផ្លូវ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង កើតជំងឺកូវីដ១៩។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ធ្លាប់ទៅហាងនំប៉័ង អាស៉ី-អឺរ៉ុប ចាប់ពីនៅថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕