(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់សង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប រយៈ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ ការបិទខ្ទប់នេះ បន្ទាប់ពីតំបន់មានការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩ ហើយការបិទនេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅតំបន់ដទៃទៀត។

ក្នុងសេចក្តីជូនដំណឹងដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា ក្នុងកំឡុងពេលបិទខ្ទប់នេះ ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង៣ មិនអនុញ្ញាតឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ននោះឡើយ លើកលែងតែករណីចាំបាច់ប៉ុណ្ណោះ។

កំឡុងពេលនេះបិទខ្ទប់នេះ ក៏បានហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំផងដែរ លើកតែករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។

រដ្ឋបាលខេត្ត ក៏បានហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមិនមែនជាតម្រូវការចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់របស់ប្រជាពលរដ្ឋ។ ដោយឡែកអាជីវកម្ម និងមុខរបរចាំបាច់មួយចំនួនត្រូវបានលើកលែង។ មុខរបរដែលអនុញ្ញាតនោះរួមមាន៖

* សកម្មភាពការងារនៅក្នុងក្របខណ្ឌមុខងារសាធារណៈ កងកម្លាំងប្រដាប់អាវុធ និងការងារផ្តល់ សេវាសាធារណៈចាំបាច់ រួមមាន សេវាផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត សេវាប្រមូល និងដឹកជញ្ជូន សំរាម សំណល់រឹង
* រាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលដំណើរការតាមរយៈប្រព័ន្ធអនឡាញ
* សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល និងឱសថស្ថាន
* ការផ្គត់ផ្គង់ទំនិញ ឬសេវាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ដូចជា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ស្ថានីយប្រេងឥន្ធនៈ សេវាប្រៃសណីយ៍ទូរគមនាគមន៍ ហាងលក់ទំនិញផ្សារ ផ្សារម៉ាត ភោជនីយដ្ឋាន និងអាហារដ្ឋាន ប៉ុន្តែ ត្រូវកាត់បន្ថយចំនួនបុគ្គលិកបម្រើការងារឱ្យនៅត្រឹមកម្រិតអប្បបរមា
* សកម្មភាពដឹកជញ្ជូនទំនិញចាំបាច់
* សកម្មភាពការងារ មុខរបរ អាជីវកម្មចាំបាច់ដទៃទៀត ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរ មានសមត្ថកិច្ច។

រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមេសា ខេត្តសៀមរាប រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ២០នាក់។ ក្នុងនោះអ្នកជំងឺ ៣នាក់ បានព្យាបាលជាសះស្បើយ៕