(សៀមរាប)៖ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប បានចុះអប់រំការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពតាមផ្សារនានា មុននឹងចាប់ផ្តើមអនុវត្តវិធានការការពិន័យអន្តរកាលចំពោះបុគ្គលដែលមិនអនុវត្ត។ ការអប់រំនេះ ធ្វើឡើងនៅតាមផ្សារក្នុងក្រុងសៀមរាប និងតាមបណ្ដាស្រុកទូទាំងខេត្ត។

នៅថ្ងៃទី១៥ ខែមេសា ក្រុមការងាររដ្ឋបាលខេត្តសៀមរាប បានចុះអប់រំផ្សព្វផ្សាយដល់អាជីវករនៅក្នុងផ្សារលើធំថ្មី ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់អនុវត្តវិធានការពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា។ ក្នុងកិច្ចប្រតិបត្តិការនេះក្រោមការដឹកនាំរបស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត កងកម្លាំងសមត្ថកិច្ចផងដែរ ។

លោក ពិន ប្រាកដ បានណែនាំដល់ប្រជាពលរដ្ឋចេញ-ចូលផ្សារ និងតាមទីប្រជុំជន គឺត្រូវពាក់ម៉ាស់ឱ្យបានគ្រប់ៗគ្នា ប្រសិនមិនចូលរួមពាក់ម៉ាស់នោះទេ បើមានការឆ្លងជំងឺកូវី-១៩នោះ នឹងត្រូវបិទផ្សារនេះតែម្តង។ ក្នុងការចុះមកផ្ទាល់គេ ក៏សង្កេតឃើញថា ប្រជាពលរដ្ឋមានការភ្ញាក់រឮក ម្ចាស់ការខ្លួនឯង ដោយបានពាក់ម៉ាសស្ទើរតែ៩៥ភាគរយ។ អ្នកខ្លះការប្រើម៉ាស់បានត្រឹមត្រូវ និងអ្នកខ្លះទៀត នៅមិនទាន់បានត្រឹមត្រូវនៅឡើយ ក្នុងនោះលោកបញ្ជាក់ថា គណៈកម្មការនៅមិនទាន់អនុវត្តវិធានការ ក្នុងការផាកពិន័យនូវឡើយទេ គឺគ្រាន់តែចុះមកអប់រំណែនាំបងប្អូនជាបន្តបន្ទាប់ទៀត។

ជាមួយនឹងការអប់រំផ្សព្វផ្សាយនេះ ក្រុមការងារបានផ្សព្វផ្សាយដល់ផ្សារចំនួនបី មានផ្សារលើធំថ្មី ផ្សារសាមគ្គី និង ផ្សារទំនើបអង្គរ ហើយថ្ងៃបន្តក្រុមការងារ នឹងចុះអប់រំនៅតាមផ្សារមួយចំនួនទៀត ដោយបែងចែក ក្រុមការងារតាមការកំណត់ទុក។

លោកអភិបាលរងខេត្ត ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងកុំមើលស្រាលលើជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ-កុំនៅបន្ទប់បិទជិត-កុំនៅកន្លែងកុះករ-កុំប៉ះពាល់គ្នា និង ៣ការពារ-ត្រូវពាក់ម៉ាស់-ត្រូវលាងដៃ-ត្រូវរក្សាគម្លាតបុគ្គល។

សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបានរៀបចំគោលដៅក្រុមការងារចុះអប់រំ ណែនាំ មានចំនួន៣ក្រុម ដែលចុះអនុវត្តអប់រំពលរដ្ឋនៅព្រឹកថ្ងៃទី១៦ ខែមេសានេះ ដោយក្រុមទី១ ចុះគោលដៅនៅផ្សារដើមក្រឡាញ់ ផ្សារទល់មុខវត្តព្រះឥន្ទកោសា ផ្សារវត្តពោធិលង្កា, ក្រុមទី២ ផ្សារកន្ត្រក ផ្សារពោធិ៍ក្រោម ផ្សារភ្នំក្រោម និងក្រុមទី៣ ផ្សារចាស់ ផ្សារ ខ្នារ និងផ្សារស្វាយធំ៕