(ស្វាយរៀង)៖ រដ្ឋបាលខេត្ដស្វាយរៀង បានចេញសេចក្តីណែនាំ ស្ដីពី ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកការជួបជុំ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែមេសា ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីណែនាំ បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» និងក្នុងគោលបំណង ការពារអាយុជីវិត របស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការណែនាំនូវវិធានការចាំបាច់មួយចំនួន ដូចខាងក្រោម៖

១៖ ផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ (ស្រាបៀរ-ស្រាគ្រប់ប្រភេទ) នៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង

២៖ គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ ទីតាំងអាជីវកម្មផ្នែកអាហារ-ភេសជ្ជៈ និងដេប៉ូចែកចាយគ្រឿងស្រវឹង នៅក្នុងភូមិសាស្ត្រខេត្ត ត្រូវផ្អាកជាបណ្តោះអាសន្ន នូវការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ ។

៣៖ ប្រជាពលរដ្ឋ ត្រូវនៅតាមផ្ទះរៀងៗខ្លួន ចំពោះការជួបជុំប្រមូលផ្តុំគ្នាច្រើន ពីផ្ទះមួយទៅផ្ទះមួយ ការពិសាគ្រឿងស្រវឹង និងការចាក់បាសរាំកម្សាន្ត តាមផ្ទះត្រូវហាមឃាត់ជាដាច់ខាត។

៤៖ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ ត្រូវធ្វើការណែនាំ ហាមឃាត់ និងទប់ស្កាត់ការជួបជុំលក់ដូរ និងការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ។

៥៖ គ្រប់ទីតាំងអាហារដ្ឋាន ភោជនីយដ្ឋាន ផ្សារម៉ាត អាជីវករ អ្នកលក់ដូរចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋ ដែលមិនអនុវត្តតាមការណែនាំខាងលើ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ៕