(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានបន្តដឹកនាំក្រុមការងារ ចុះពិនិត្យតាមគោលដៅឈរជើងរបស់សមត្ថកិច្ចកំពុងអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោក អ៊ុន ចាន់ដា បានដឹកនាំកម្លាំង និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យគោលដៅ សំខាន់ៗចំនួន៤ ទីតាំងមាន៖

*ទី១៖ គោលដៅព្រំប្រទល់ស្រុកបាធាយ ខេត្តកំពង់ចាម-ជាប់ស្រុកពញាឮ ខេត្តកណ្តាល លើកំណាត់ផ្លូវជាតិលេខ៦។
*ទី២៖ គោលដៅព្រំប្រទល់ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាប់ស្រុកតាំងគោក ខេត្តកំពង់ធំ។
*ទី៣៖ គោលដៅព្រំប្រទល់ស្រុកចំការលើ ជាប់ស្រុកតាំងគោក ខេត្តកំពង់ធំ។
*ទី៤៖ គោលដៅព្រំប្រទល់ស្រុកចំំការលើ ខេត្តកំពង់ចាម ជាប់និងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា សម្រាប់គោលដៅដែលខេត្តបានបិទជាមួយខេត្តជាប់ព្រំប្រទល់មានចំនួន ២៣កន្លែង។

ទន្ទឹមនឹងការចុះត្រួតពិនិត្យនោះ អភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់អាជ្ញាធរ និងសមត្ថកិច្ចឲ្យយកចិត្តទុកដាក់អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ នៅតាមគោលដៅរបស់ខ្លួន ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល និងត្រូវអនុវត្តដោយមានភាពទន់ភ្លន់ជាមួយបងប្អូនប្រជាពលរដ្ឋ នៅពេលពួកគាត់ឆ្លងកាត់ដោយបញ្ហាប្រឈម និងឯកសារសំខាន់នានា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសការកាត់ផ្តាច់ខ្សែចម្លង ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ តាមរយៈការផ្អាកចរាចរណ៍ពីតំបន់មួយទៅកាន់តំបន់មួយទៀតនេះ៕