(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា នេះ គឺជាថ្ងៃទី២ហើយ ដែលក្រុមការងារនៃរដ្ឋបាលខេត្តសៀមរាប បានចុះអប់រំអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ឲ្យអនុវត្តការពាក់ម៉ាស់ និងរក្សាគម្លាតសង្គមឲ្យបានត្រឹមត្រូវ មុននឹងអាជ្ញាធរចាប់ផ្តើមផាកពិន័យតាមច្បាប់នៅថ្ងៃស្អែក។

ក្នុងការងារចុះអប់រំនៅព្រឹកថ្ងៃទី១៦ មេសានេះ បានចែកជា៣ក្រុម ដែលរួមមាន៖

ក្រុមទី១៖ ដឹកនាំដោយលោក មួង ណារិន ចុះទៅផ្សារដើមក្រឡាញ់ ផ្សារវត្តពោធិ៍លង្ការ និងផ្សារទល់មុខវត្តព្រះឥន្ទកោសា
ក្រុមទី២៖ ដឹកនាំដោយលោកស្រី លី វណ្ណ: បានចុះទៅផ្សារកន្រ្តាក ផ្សារពោធិ៍ក្រោម និងផ្សារភ្នំក្រោម។
ក្រុមទី៣៖ ដឹកនាំដោយលោកស្រី អ៉ីវ លីដា ចុះគោលដៅនៅផ្សារចាស់ ផ្សារខ្នារ និងផ្សារស្វាយធំ ។

នៅក្នុងការចុះផ្សព្វផ្សាយនៅពេលនោះដែរ លោក មួង ណារិន អនុប្រធានមន្ទីរសុខាភិបាលបានប្រាប់ថា អាជ្ញាធរបានចុះអប់រំនេះរយៈពេល២ថ្ងៃ គឺពីថ្ងៃទី១៥ ដល់ទី១៦ ខែមេសា។ លោកបន្ថែមថា ចាប់ពីថ្ងៃទី១៧ ខែមេសា ទៅ អាជ្ញាធរនឹងចាប់ផ្តើមអនុវត្តវិធានការពិន័យអន្ដរកាលទៅលើអ្នកមិនពាក់ម៉ាស់ និងរក្សាគម្លាត ដោយការអនុវត្តជំហានដំបូងនេះ គឺនៅតាមបណ្ដាផ្សារក្នុងក្រុងសៀមរាប។

គួររំលឹកផងដែរ ចាប់ពីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០គុម្ភៈមក ខេត្តសៀមរាបមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២០នាក់ហើយ អាជ្ញាធរបានបិទផ្សារចំនួ២ រយ:ពេល១៤ថ្ងៃ គឺផ្សារក្រោម និងផ្សារវត្តអធ្វា ដែលមានអាជីវករឆ្លងសរុបចំនួន ៧នាក់។ នៅថ្ងៃទី១៦ មេសានេះ អាជ្ញាធរខេត្តសៀមរាប ក៏បានសម្រេចបិទខ្ទប់សង្កាត់៣ ចំនួន២សប្ដាហ៍ ចាប់ពីថ្ងៃទី១៦ ដល់ទី២៨ ខែមេសា។ សង្កាត់ដែលបិទខ្ទប់នោះរួមមាន សង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប៕