(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារមួយចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

តាមរយៈសារលិខិតរំលែកទុក្ខ របស់លោក ស៊ិក ប៊ុនហុក បានខ្លឹមសារយ៉ាងដូច្នេះថា៖ «ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីក្រៀមក្រំក្តុកក្តួលចំពោះដំណឹងមរណភាពរបស់ ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាកវីនិពន្ធ ផលិតករភាពយន្តដ៏មានទេពកោសល្យ និងប៉ិនប្រសប់ ដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ»

លោក ស៊ិក ប៊ុនហុក បានចាត់ទុកថា មរណភាពរបស់ លោក ម៉ៅ អាយុទ្ធ គឺជាការបាត់បង់នូវ ស្វាមី បិតា បិតាក្មេក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌ និងក៏ជាការបាត់បង់ នូវឥស្សរជនស្នេហាជាតិដ៏ឆ្នើមមួយរូបរបស់ប្រទេសជាតិដែល លោកធ្លាប់មានស្នាដៃចូលរួមចំណែកទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ប្រាជ្ញា ស្មារតី យ៉ាងថ្លៃថ្លាក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ។

នាឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ «យើងខ្ញុំសូមចូលរួមចែករំលែកនូវមរណទុក្ខ ដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយ លោកជំទាវ បុត្រា បុត្រី និងចៅៗ ព្រមទាំងបងប្អូន កូនក្មួយ និងក្រុមគ្រួសារទាំងអស់នៃសព ដោយក្តីក្តុកក្តួលជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេព្តាទាំងមួយម៉ឺនលោកធាតុ សូមជួយពាំនាំដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ម៉ៅ អាយុទ្ធ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

សូមជម្រាបថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ នេះបើតាមលោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១៕