(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងពីការបង្កើនយកសំណាករកជំងឹកូវីដ១៩ ទៅលើមនុស្សដែលកំពុងស្ថិតនៅក្នុងតំបន់ផ្ទុះជំងឺកូវីដខ្លាំង នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ទាំងនោះ ឬក៏អ្នកសង្ស័យពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ និងមានបញ្ហាសុខភាពមិនស្រួល សូមទៅយកសំណាកដែលស្ថិតនៅជិតទីតាំងរបស់ខ្លួន ដែលអាជ្ញាធររៀបចំ និងពង្រីកបន្ថែមទៀត។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អាជីវករ បុគ្គលិក-កម្មករ និងប្រជាពលរដ្ឋទូទៅដែលមានអាការៈ ក្តៅខ្លួន ក្អក-កណ្តាស់ ពិបាកដកដង្ហើម ឬសង្ស័យមានជាប់ពាក់ព័ន្ធអ្នកជំងឺកូវី៥-១៩ សូមអញ្ជើញទំនាក់ទំនងជាមួយមូលដ្ឋានសង្កាត់ដែលខ្លួនរស់នៅ ដើម្បីស្នើសុំលិខិតអនុញ្ញាត ធ្វើដំណើរទៅកាន់ទីតាំង ប្រមូលយកសំណាកដែលនៅជិតលំនៅឋានរបស់ខ្លួនបំផុត រួមមាន៖

* ទី១៖ វិទ្យាល័យបាក់ទូក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា
* ទី២៖ វិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
* ទី៣៖ សាលាបឋមសិក្សាសុភមង្គម ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ
* ទី៤៖ វិហារព្រះយេស៊ូ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
* ទី៥៖ ទីតាំងបណ្តោយផ្លូវឌួងងៀប ជិតរោងចក្រឌីនហាន ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
* ទី៦៖ ដីឡូតិ៍ ខាងក្រោយផ្សារឯករាជ្យII ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
* ទី៧៖ មណ្ឌល ថែទាំជីវិត ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និងទីតាំងមួយចំនួនទៀតកំពុងរៀបចំ ដែលរដ្ឋបាលរាជធានីភ្នំពេញនឹងជូនដំណឹងពេលក្រោយទៀត។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់រដ្ឋបាលសង្កាត់ទាំង ១០៥ នៃខណ្ឌទាំង ១៤ ត្រូវរៀបចំមន្ត្រីប្រចាំការដើម្បីផ្តល់ «លិខិតអនុញ្ញាត» ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលត្រូវទៅធ្វើតេស្តយកសំណាកតាមទម្រង់ នៃលិខិត អនុញ្ញាតដែលបានភ្ជាប់មកជាមួយស្រាប់។

ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលត្រូវអញ្ជើញទៅទំនាក់ទំនងជាមួយមូលដ្ឋានសង្កាត់ និងត្រូវធ្វើដំណើរទៅកាន់ទីតាំងធ្វើតេស្តយកសំណាក សូមមេត្តាអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដោយត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕