(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានផ្ញើសារមួយចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

សាររំលែកមរណទុក្ខដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានគូសបញ្ជាក់ថា មរណភាពរបស់ លោក ម៉ៅ អាយុទ្ធ គឺជាការបាត់បង់នូវធនធានមនុស្សមួយរូបដ៏ឆ្នើម ក្នុងវិស័យព័ត៌មាន សិល្បៈ វប្បធម៌ ក្នុងឋានៈលោកជារដ្ឋលេខាធិការក្រសួងព័ត៌មាន កវីនិពន្ធ និងជាផលិតករភាពយន្ដដ៏មានទេពកោសល្យ និងប៉ិនប្រសប់។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខ ជាមួយក្រុមគ្រួសារ ដោយសេចក្ដីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងសុំឲ្យដួងវិញ្ញាណក្ខន្ធ លោក ម៉ៅ អាយុទ្ធ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ១៩។ នេះបើតាមលោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១៕