(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់ក្រុមគ្រួសារអាជីវករផ្សារលើ ដែលរកឃើញថា វិជ្ជមានជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័ក នៅផ្ទះរបស់ខ្លួន ក្នុងរយៈពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ នេះបើតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ផ្ញើទៅកាន់ក្រុមគ្រួសារអ្នកកើតជំងឺកូវីដ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ក្រុមគ្រួសារនោះ ត្រូវផ្អាកសកម្មភាពអាជីវកម្មនានា នៅក្នុងលំនៅឋាននោះ បណ្ដោះអាសន្ន, ផ្អាកការចេញទៅក្រៅលំនៅឋាន និងមិនត្រូវអនុញ្ញាតឲ្យអ្នកដទៃចូលទៅក្នុងលំនៅឋាននោះជាដាច់ខាត ដោយត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុង សម្រាប់អ្នកធ្វើចត្តាឡីស័កនៅកន្លែងចត្តាឡីស័កឲ្យបានខ្ជាប់ខ្ជួន។

រដ្ឋបាលខេត្តព្រះសីហនុ បានបន្ថែមទៀតថា ក្នុងដំណាក់កាលនេះ អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងលំនៅឋាន ត្រូវតែផ្ដល់វត្ថុសំណាកដល់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាល ដើម្បីវិភាគរកមេរោគកូវីដ១៩។ ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន។

គួរជម្រាបថា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចបិទផ្សារលើបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃក្រោយរកឃើញមានអាជីវករឆ្លងជំងឺកូវីដ១៩ ជាបន្ដបន្ទាប់ ចាប់ពីរសៀលថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ហើយអាជីវករទាំងអស់ ត្រូវយកសំណាករកជំងឺកូវីដ១៩៕