(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសេចក្តីចេញដំណឹងថ្មីមួយ ដោយព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកទទួលខុសត្រូវ រថយន្តសង្គ្រោះទាំងរដ្ឋ និងឯកជន ក្នុងករណីរកឃើញថា បានលួចដឹកជញ្ជូនប្រជាជនជាអ្នកដំណើរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១៧ ខែមេសានេះ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា យោងតាមបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងសុខាភិបាល សូមជម្រាបជូនដល់អ្នកទទួលខុសត្រូវ រថយន្តគិលានសង្គ្រោះទាំងរដ្ឋ និងឯកជន នៅទូទាំងប្រទេសកម្ពុជាថា ក្រសួងអនុញ្ញាតឲ្យដឹកជញ្ជូនតែអ្នកជំងឺ និងអ្នករបួស ទៅកាន់មន្ទីរពេទ្យរដ្ឋ ឬគ្លីនិកឯកជន ឬវត្ថុសំណាកសម្រាប់យកមកវិភាគ នៅតាមមន្ទីរពិសោធន៍ របស់ក្រសួងសុខាភិបាលប៉ុណ្ណោះ។

ក្រសួងសុខាភិបាល មិនអនុញ្ញាតឲ្យរថយន្តគិលានសង្គ្រោះទាំងរដ្ឋ និងឯកជន ដឹកជញ្ជូនប្រជាជនដែលជាអ្នកដំណើរដាច់ខាត៕