(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Worldbridge Group បានគូសបញ្ជាក់ឲ្យដឹងថា វិស័យកសិឧស្សាហកម្ម និងវិស័យហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា គឺជាវិស័យមួយ កំពុងមានកំណើន និងល្អចំពោះការវិនិយោគ ក្នុងអំឡុងពេលវិបត្ដិ នៃជំងឺកូវីដ-១៩។

ការគូសបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា សៀ ឫទ្ធី អញ្ជើញចូលរួម ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News លើប្រធានបទ «ឱកាសវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងបរិបទនៃវិបត្តិកូវីដ១៩»

អ្នកឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្នមិនថាតែកម្ពុជាទេ នៅសកលលោក ក៏កំពុងជួបនិងបញ្ហាវិបត្តិសេដ្ឋកិច្ច ដូច្នេះ កម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំង នូវវិស័យចំបង គឺវិស័យទេសចរណ៍ ហើយទន្ទឹម និងវិស័យចំបងមានការធ្លាក់ចុះ កម្ពុជាក៏មានវិស័យកសិឧស្សាហកម្ម ដែលជាវិស័យមួយកំពុងមានកំណើន និងល្អចំពោះការវិនិយោគ ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩»។

អ្នកឧកញ៉ា សៀ ឫទ្ធី បានឲ្យដឹងថា កន្លងមកដោយសារ មានរោគរាតត្បាតពីកូវីដ១៩ ធ្វើឲ្យប្រទេសមួយៗ មានការបំប្លែងនូវការបង្កើត និងការផលិតរបស់ប្រទេស នីមួយៗ ចេញពីសកលលោកមកក្នុងតំបន់ ឬមកប្រទេសរបស់ខ្លួន ព្រោះថា នៅពេលប្រទេសជួប និងកលិយុគ ច្បាស់ប្រាកដជាត្រូវការចាំបាច់ នូវការផ្គត់ផ្គង់អាហារ សម្រាប់ក្នុងប្រទេសនីមួយៗ របស់ខ្លួនសិនផងដែរ។

អ្នកឧកញ៉ា បានបញ្ជាក់ទៀតថា «សម្រាប់កម្ពុជា បច្ចុប្បន្នវិស័យទេសចរណ៍ កំពុងមានការប៉ះពាល់យ៉ាងខ្លាំង ហើយស្របពេលវិស័យទេសចរណ៍ធ្លាក់ចុះ លោកមើលឃើញថា វិស័យកសិឧស្សាហកម្ម កំពុងមានកំណើនកើនឡើង នៅក្នុងអំឡុងជំងឺកូវីដ១៩នេះ ដូច្នេះ ក្នុងនាមយើងជាអ្នកវិនិយោគ គឺត្រូវតែសម្លឹងទៅមើល វិស័យកសិឧស្សាហកម្មថា យើងអាចធ្វើអ្វីខ្លះ ពីវិស័យដែលកំពុងមានកំណើនមួយនេះ»

អ្នកឧកញ៉ា សៀ ឫទ្ធី បានបន្ថែមទៀតថា បច្ចុប្បន្នក្រុមហ៊ុនរបស់ បាននិងកំពុងបង្កើត SME Cluster (បណ្តុំសហគ្រាសធុនតូច និងមធ្យម) មួយព្រោះលោកមិនមែន ជាអ្នកធ្វើកសិកម្មទេ តែអ្នកកសិកម្ម អាចរស់បាន និងត្រូវការបរិយាកាសជាមួយ និង Ecosystem ដើម្បីឲ្យពួកគាត់បានផលិតផល និងបង្កបង្កើនផល សម្រាប់លក់ នៅក្នុងស្រុក និងឈានដល់ការលក់ ទៅក្រៅស្រុក ដូច្នេះពួកគាត់ត្រូវការ SME Cluster ដែលជាបង្គុំមួយ សម្រាប់ឲ្យពួកគាត់អាចទៅផលិតបានផងដែរ។

អ្នកឧកញ៉ាបន្តថា លោកបានសម្លឹងឃើញ និងបានវិនិយោគរួចហើយដែល បច្ចុប្បន្នបាននិងកំពុងសាងសង់ ហើយនៅខែ១០ ឬខែ១១ ឆ្នាំនេះ នឹងអាចបញ្ចប់ ការសាងសង់ បានផងដែរ។ ការធ្វើ SME Cluster ក៏ដូចជាការធ្វើអចលនទ្រព្យដែល ពីព្រោះការធ្វើ SME Cluster គឺធ្វើនៅលើផ្ទៃដី ហើយជាមួយនិងការបង្កើត Ecosystem ដើម្បីគាំទ្រទៅលើវិស័យ SME នោះទេ ចំពោះលោកគ្រាន់ជាម្ចាស់ដី ម្ចាស់កន្លែងទេ ដើម្បីបង្កើតឲ្យអ្នកផលិតងាយស្រួល ក្នុងការមកវិនិយោគ។

អ្នកឧកញ៉ា សៀ ឫទ្ធី បានថ្លែងថា «សំខាន់បំផុតអ្នកវិនិយោគិនខ្លួនឯង ត្រូវចេះមើលនូវឱកាសខ្លួនឯង»

អ្នកឧកញ៉ាបន្តថា ក្រៅពីវិស័យកសិឧស្សាហកម្មមានកំណើន ក្នុងនោះ ក៏មានវិស័យច្រើនទៀត ដែលអាចធ្វើបាន ដូចជា វិស័យហិរញ្ញវត្ថុ ក៏មានកំណើន ក្នុងអំឡុងពេល ជួបវិបត្តិនេះដែល ព្រោះថា ពេលមនុស្សជួបបញ្ហា ពួកគាត់ប្រាកដជាគិតថា ពួកគាត់អាចយកកម្ចីសម្រាប់វិនិយោគទៅលើអ្វី និងធ្វើអ្វីបាន សម្រាប់ការចំណេញមកវិញ ហើយក្រៅពីនេះ ក៏នៅមានវិស័យ២-៣ទៀត ដែលអ្នកវិនិយោគអាចធ្វើបានទៀតផងដែរ៕