(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់អំពីការស្លាប់របស់បុរសជនជាតិខ្មែរម្នាក់ អាយុ៦៧ឆ្នាំ ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៦៧ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានចូលមកមន្ទីរពេទ្យ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧៖៣០នាទី ជាមួយនឹងស្ថានភាព ក្តៅខ្លួន ហត់ដង្ហក់ខ្លាំង ក្រុមគ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗ និងយកសំណាកទៅវិភាគ ជាលទ្ធផលបញ្ជាក់ថាមាន វិជ្ជមានកូវីដ-១៩។

ដោយស្ថានភាពជំងឺមានការវិវត្តកាន់តែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យគ្រូពេទ្យធ្វើការសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨៖៥០នាទី។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរអាយុ៦៧ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

សូមជម្រាបថា គិតត្រឹមរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ នៅកម្ពុជាមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ចំនួន៣៩នាក់៕