(ភ្នំពេញ)៖ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសាររំលែកទុក្ខចំពោះមរណភាព លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន។ នេះបើយោងតាមសាររបស់សម្តេចចៅហ្វាវាំង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។

សារដែលផ្ញើទៅលោកស្រី សូ សាម៉ូនីភរិយាសពលោក ម៉ៅ អាយុទ្ធ បានបញ្ជាក់យាងដូច្នេះថា៖ «ខ្ញុំមានសេចក្តីក្រៀមក្រំក្រៃលែង ដោយបានទទួលដំណឹងអំពី លោក ម៉ៅ អាយុទ្ធ ដែលជាស្វាមីរបស់លោកស្រី បានទទួលមរណភាព នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៦ល្ងាច ដោយរោគាពាធ ក្នុងជន្មាយុ ៧៧ឆ្នាំ»

សម្តេចចៅហ្វាវាំងបន្តថា «ខ្ញុំសូមសម្តែងនូវសេចក្តីសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តទាំងអស់នៃសព»

សម្តេចចៅហ្វាវាំង បានចាត់ទុកថា មរណភាពនៃលោក ម៉ៅ អាយុទ្ធ គឺជាការបាត់បង់ស្វាមីដ៏ល្អចំពោះភរិយា ជាឪពុក ជាជីតា ប្រកបដោយព្រហ្មវិហារធម៌មួយរូប និងក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងបានចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ សម្ដេចចៅហ្វាវាំង សូមបួងសួងសូមវិញ្ញាណក្ខន្ធលោក ម៉ៅ អាយុទ្ធ អញ្ជើញទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។

សូមជម្រាបថា លោក ម៉ៅ អាយុទ្ធ បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១៕