(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានព្រមានបិទរាល់អាជីវកម្ម ឬដកអាជ្ញាបណ្ណទីតាំងទាំងឡាយណា ដែលឆ្លៀតឱកាសលក់ដំឡើងថ្លៃទំនិញក្នុងអំឡុងពេលបិទខ្ទប់តំបន់មួយចំនួននៅក្នុងក្រុងសៀមរាប។

ការព្រមានបានធ្វើឡើងតាមរយៈសេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ការដំឡើងថ្លៃទំនិញប្រើប្រាស់ គ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទ និងឱសថក្នុងពេលអនុវត្តទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តសៀមរាប បានណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងក្រុមហ៊ុន សហគ្រាស ដេប៉ូចែកចាយ ភោជនីយដ្ឋាន អារដ្ឋាន ផ្សាររដ្ឋ ឯកជន ផ្សារទំនើប ផ្សារម៉ាត ឱសថស្ថាន ហាងលក់ភេសជ្ជៈ តូបអាហារ ហាងកាហ្វេ អាជីវកម្មដ្ឋាន សេវាកម្មដ្ឋាន និងកន្លែងលក់ទំនិញគ្រប់ប្រភេទ អាជីវករ និងប្រជាពលរដ្ឋ ត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖

ទី១៖ មិនត្រូវដំឡើងថ្លៃទំនិញប្រើប្រាស់គ្រឿងឧបភោគបរិភោគគ្រប់ប្រភេទ និងឱសថ ថ្លៃលើស ឬថ្លៃហួសហេតុ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ទី២៖ ត្រូវអនុវត្តវិធានការអនាម័យ គុណភាព សុវត្ថិភាពចំណីអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍

ទី៣៖ ត្រូវរៀបចំឱ្យមានម៉ាស់ ទឹកអាល់កុល សាប៊ូ ឬជែលសម្រាប់លាងដៃ និងរៀបចំឧបករណ៍វាស់កម្ដៅជូនអតិថិជន និងបុគ្គលិកខ្លួននៅច្រកទ្វារចូលរៀងរាល់ថ្ងៃ។ល។

រដ្ឋបាលខេត្តណែនាំឲ្យអង្គភាពពាក់ព័ន្ធនានា ត្រូវត្រួតពិនិត្យ តាមដាន និងម្ចាស់អាជីវកម្មនានា ហើយក្នុងករណីពិនិត្យឃើញថា ឡើងថ្លៃលើស ឬថ្លៃហួសហេតុ ត្រូវចាត់វិធានការផ្អាក ឬបញ្ឈប់ ឬដកអាជ្ញាបណ្ណបណ្ដោះអាសន្ន ឬស្ថាពរ ព្រមទាំងចាត់វិធានការផ្លូវច្បាប់ជាធរមាន។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់សង្កាត់ចំនួន៣ រួមមានសង្កាត់សាលាកំរើក សង្កាត់ស្វាយដង្គំ និងសង្កាត់សៀមរាប រយៈពេល២សប្ដាហ៍ ចាប់ពីម៉ោងសូន្យថ្ងៃទី១៦ ខែមេសា តទៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងខេត្ត និងដើម្បីជួយសម្រួលដល់អាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអំឡុងពេលនេះ រដ្ឋបាលខេត្តសៀមរាប បានណែនាំមិនឱ្យមានការលក់ដំឡើងថ្លៃទំនិញឡើយ៕