(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខែ្មរ លោក រ័ត្ន សណ្ដាប់ បានថ្លែងរំលឹកដល់ភាពសោកសៅកាលពី៤៦ឆ្នំាមុន គឺព្រឹត្ដិការណ៍ថ្ងៃទី «១៧មេសា១៩៧៥» រាជធានីភ្នំពេញជាបេះដូងនៃកម្ពុជាដែលអ្នកប្រវត្ដិសាស្រ្ដ ឬអ្នកស្រាវជ្រាវប្រសិទ្ធិនាមថា «កោះសន្ដិភាព» កាលពីព្រះរាជាណាចក្រកម្ពុជាទី១ ស្ថិតក្រោមព្រះរាជកិច្ចដឹកនំាដោយសម្ដេចឪនៃយើងនោះ បានក្លាយទៅជា «ទីក្រុងខ្មោច»

បានន័យថា រាជធានីភ្នំពេញជានិមិត្ដរូបបេះដូងនៃកម្ពុជាមានភាពទំនើប និងស៉ីវិល័យអស់រយ:ពេលជាង ៥០០ឆ្នំា ដែលបានកសាងទ្បើងតំាងពីសម័យព្រះបាទពញាយ៉ាត ក្នុងគ.ស.១៤៣៤ ត្រូវបានក្លាយទៅជាទីក្រុងខ្មោចតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ដែលពោរពេញទៅដោយក្លិនស្អុយឆ្អេះឆ្អាប និងសាកសពមនុស្សរាយប៉ាយពេញដី។

លោក រ័ត្ន សណ្ដាប់ បន្ដថា នៅព្រឹកថ្ងៃទី១៧ មេសានោះ បន្ទាប់ពីប្រជាពលរដ្ឋបានឆ្លងចូលឆ្នំាថ្មី ប្រពៃណីជាតិខ្លួនបាន ២-៣ថ្ងៃមក ពួកខ្មែរក្រហមដែលបានឈ្នះសង្រ្គាមលើពួក លន់ នល់ បានជម្លៀសប្រជាជនដែលរស់នៅរាជធានីភ្នំពេញភ្លាមៗ ប្រមាណជាង ២លាននាក់ឲ្យចេញទៅតាមបណ្តាខេត្ដ ឬតំបន់នានាទូទំាងប្រទេស ដោយមិនបានផ្តល់ដំណឹង ឬឲ្យត្រៀមខ្លួនជាមុននៃការជម្លៀស ឬបណ្ដោញចេញនេះទេ។ ពួកអាវខ្មៅប្រាប់ថា «មិនបាច់ចាក់សោទ្វារផ្ទះទេ ព្រោះគង់តែត្រឡប់មកវិញក្នុងពេល ២-៣ថ្ងៃ» ទៀត។

លោក រ័ត្ន សណ្ដាប់ បន្ដថា «ចំពោះព្រឹត្ដិការណ៍ថ្ងៃ១៧មេសានេះ អ្វីដែលយើងចាំមិនភ្លេចនោះ គឺពាក្យបោកបញ្ឆោតរបស់ពួកខ្មែរក្រហមដែលថា អាមេរិកំាងនឹងមកទម្លាក់គ្រាប់បែក២-៣ថ្ងៃ ទៀត»

ក្នុងព្រឹត្ដិការណ៍នេះយើងឮតែសម្រែកខ្លំាងៗរបស់ទាហានខ្មែរក្រហមក្មេងៗ ដែលស្ពាយកំាភ្លើងខ្លីវែងអូសដី និងម្រាមដៃដាក់ក្នុងកៃកំាភ្លើងរបស់គេត្រៀមបាញ់ជាស្រេច «ចេញឬមិនចេញ?» ក្នុងន័យថាបើយើងមិនចេញ គេបាញ់ចោល។ ហេតុនេះប្រជាជនទំាងអស់ត្រូវជម្លៀសចេញក្នុងពេលតែមួយមិនថាចាស់ជរា អ្នកជំងឺ ស្រ្ដីមានផ្ទៃពោះ ឬក្មេងតូចៗទេ គឺគ្រួសារនីមួយៗត្រូវដោះស្រាយដោយខ្លួនឯង។

លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា ស្ថិតក្នុងស្ថានភាពរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង និងព្រៃផ្សៃរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រជាជាតិទាំងមូលត្រូវខ្ទេចខ្ទាំដោយសារការសំលាប់រង្គាល នៃរបបអាវខ្មៅដ៏ខ្លោចផ្សាបំផុត។ យើងម្នាក់ៗមួយថ្ងៃៗ បន់ស្រន់រកតែទេវតា ឬអ្នកមកជួយសង្គ្រោះជីវិតយើងតែប៉ុណ្ណោះមិនថានរណា ឬនរណាទេឲ្យតែជួយជីវិតយើងបាន។

នៅថ្ងៃ៧ មករា១៩៧៩ ខ្មែរត្រូវមានពន្លឺជីវិតថ្មីឡើងវិញដោយគុណបុណ្យ៧មករា ដែលមានសម្ដេចទំាងបី គឺសម្ដេចហេង សំរិន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច ជា ស៉ីម (សម្ដេចបានចែកឋានទៅហើយ) បានដឹកនាំរំដោះប្រទេស និងប្រជាជាតិឲ្យចេញផុតពីមាត់ជ្រោះមរណះវាលពិឃាដពីឆ្នំា ១៩៧៥-១៩៧៩។

ស្ថិតក្នុងន័យនេះ បើយើងពិនិត្យមើលអំពីស្ថានភាពជីវិតរបស់យើងក្នុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥ -១៩៧៩ និងស្ថានភាពជីវិតមនុស្សជាតិលើផែនដីយើង ដែលកំពុងប្រឈមនឹងបញ្ហាកូវីដ-១៩ ដែលជាមេរោគរាតត្បាតដ៏កាចសាហាវគ្មានរូបរាង និងកំពុងតែសំលាប់មនុស្សដោយឥតរើសមុខនាពេលបច្ចុប្បន្ននេះ គឺមិនខុសគ្នាប៉ុន្មានទេទៅនឹងរបបព្រៃផ្សៃរបស់ប៉ុលពត កាលពី៤៦ឆ្នាំមុននេះ។

យើងម្នាក់ៗលើផែនដីនេះ កំពុងតែដេកបន់ស្រន់រកទេវតាជួយសង្រោះអាយុជីវិតឲ្យឆ្លងផុតពីការសំលាប់ដោយមេរោគកូវីដ- ១៩ មិនថាប្រទេសាអាមេរិក ចិន រុស្ស៊ី ឥណ្ឌា ឬប្រទេសណាៗទេឲ្យតែអាចផលិតវ៉ាក់សំាងបានដើម្បីជួយសង្រ្គោះអាយុជីវិតមនុស្សឲ្យរួចផុតពីការស្លាប់។ ម្យ៉ាងទៀតមិនថាប្រទេសណា ឬប្រទេសណាទេឲ្យតែផ្តល់ជំនួយវ៉ាក់សំាងដើម្បីសង្រោះអាយុជីវិតមនុស្សបាន គឺមនុស្សម្នានៅលើផែនដីយើងនេះទទួលទំាងអស់ដោយសេចក្តីអំណរសាទរបំផុត៕