(កណ្ដាល)៖ ស្ថានភាពក្រុងតាខ្មៅ ខេត្តកណ្ដាល គិតមកដល់ល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ហាក់មានសភាពស្ងប់ស្ងាត់ល្អ ក្រោយអភិបាលខេត្តកណ្ដាល បានប្រកាសកាលពីម្សិលមិញ ដោយបិទខ្ទប់ក្រុងតាខ្មៅ រយ:ពេល១៤ថ្ងៃ ដោយមិនឲ្យមនុស្សចេញពីផ្ទះ។ នេះបើតាមការឲ្យដឹងពីលោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល នាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។

លោកអធិការបានបញ្ជាក់ទៀតថា «ស្ថានភាពថ្ងៃនេះ មិនមានអ្វីគួរឲ្យកត់សំគាល់ធំដុំទេ ព្រោះពលរដ្ឋមានកាគោរពតាមបទបញ្ជារបស់អភិបាលខេត្តបានល្អ រីឯពលរដ្ឋដែលអញ្ចើញទៅផ្សារទិញម្ហូបអាហារក៏មានសភាពធម្មតាដែរ ពោលគឺមិនមានភាពអ៊ូរអរទេ ព្រោះស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរបានល្អ»។

លោកថា កម្លាំងសមត្ថកិច្ចបានដាក់ការពារ និងយាមកាមបានល្អនៅតាមភូមិសាស្ត្រក្រុងតាខ្មៅ និងបានផ្សព្វផ្សាយជូនពលរដ្ឋជាប្រចាំផងដែរ ដើម្បីបញ្ជាក់ឲ្យពួកគាត់បានយល់ពីគោលបំណងនសការបិទខ្ទប់ក្រុងតាខ្មៅនេះ គឺដើម្បីតែសេចក្ដីសុខរបស់ប្រជាពលរដ្ឋ ហើយនឹងកំចាត់មេរោគកូវីដ១៩ ចេញឲ្យអស់ពីប្រទេសរបស់យើង»។

ចំពោះការចេញចូលរបស់មន្ត្រីរាជការអ្នកធ្វើការវិញ និងអ្នកដឹកទំនិញដឹកឥវ៉ាន់ចេញ-ចូល ក្រុងតាខ្មៅវិញ ទាល់តែពួកគាត់បង្ហាញឯកសារច្បាស់លាស់ទើបអនុញ្ញាតឲ្យពួកគាត់។

យ៉ាងណាលោកអធិការ នៅតែទទូចអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្រុងតាខ្មៅទាំងអស់ សូមគោរពតាមច្បាប់ឲ្យបានខ្ចាប់ខ្ចួន ដោយកុំចេញដើរពាសវាលពាសកាល កុំចេញក្រៅផ្ទះដោយគ្មានហេតុផលសមរម្យច្បាស់លាស់ កុំជួបជុំគ្នាផឹកស៊ីឡូឡា និងកុំល្មើសប្រការហាមឃាត់ផ្សេងៗទៀត ព្រោះសមត្ថកិច្ចមិនយោគយល់អ្នកបំពានណាម្នាក់ឡើយ ពោលគឺបើហ៊ានល្មើស គឺអនុវត្តន៍ច្បាប់ភ្លាមៗតែម្ដង។

គួរបញ្ជាក់ថា បន្ទាប់ពីអាជ្ញាធរបិទផ្សារតាខ្មៅចាស់ និងផ្សារតាខ្មៅថ្មី ដោយរៀបចំឲ្យអាជីវករមកលក់ដូរនៅក្នុងបរិវេណកីឡដ្ឋានក្រុងតាខ្មៅវិញ នាព្រឹកថ្ងៃទី១ ខែមេសានេះ គេសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន បានមកទិញស្បៀងអាហារ ដើម្បីទុកទទួលទាន ប៉ុន្តែពួកគាត់មានការលក់តម្លើងថ្លៃគួរឲ្យកត់សំគាល់។

បើតាមលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ បានឲ្យដឹងថា បន្ទាប់ថ្នាក់លើបានដាក់បញ្ជាឲ្យបិទផ្អាកផ្សារតាខ្មៅចាស់ និងផ្សាតាខ្មៅថ្មី ហើយបានឲ្យក្រុមអាជីវករប្ដូរទីតាំងមកលក់ដូរ នៅមណ្ឌលកីឡដ្ឋានខេត្តវិញនោះ ក្នុងនាមអាជ្ញាធរ លោកបានរៀបចំឲ្យមានការលក់ដូរ មានរបៀបរៀបរយ មិនឲ្យចាប់កន្លែងលក់ពីរ បីតែម្នាក់ឯងនោះទេ និងលក់ឲ្យមានគំលាត ហើយរក្សាឲ្យបាននូវអនាម័យ «៣កុំ ៣ការពារ»។ ចំពោះការលក់តម្លើងថ្លៃរបស់ក្រុមអាជីវករវិញ លោកចៅសង្កាត់ថា ពួកគាត់លក់ឡើងថ្លៃជារឿងរបស់ពួកគាត់ ហើយពលរដ្ឋអ្នកទិញមានសិទ្ធិជ្រើសរើសអ្នកលក់ណាដែលលក់ធូរថ្លៃជាងគេ៕