(កំពង់ឆ្នាំង)៖ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសស្វែងរកអ្នកជំងឺកូវីដម្នាក់ឈ្មោះ ហង់ ស៉ីម ដែលត្រូវបានក្រសួងសុខាភិបាលប្រកាសថា កើតកូវីដ១៩ តាមរយៈសេចក្តីជូនព័ត៌មាននៅថ្ងៃទី១៧ ខែមេសានេះ។

អ្នកជំងឺឈ្មោះ ហង់ ស៉ីម ភេទស្រី អាយុ៤២ឆ្នាំ សញ្ជាតិខ្មែរ កន្លែងស្នាក់នៅភូមិត្រពាំងថ្លឹង ឃុំចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើតាមលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។

ស្ត្រីរូបនេះពេលធ្វើទម្រង់ស្នើសុំពិសោធន៍ បានអះអាងថាជាអ្នកធ្វើការនៅរោងចក្រក្នុងខេត្តកំពង់ឆ្នាំងមួយកន្លែងប៉ុន្តែមិនបានបញ្ជាក់ពីអាសយដ្ឋានការងារឲ្យពិតប្រាកដនោះទេ។ ប្រការនេះហើយធ្វើឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំងពិបាកស្វែងរកជាខ្លាំង។

មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់បុគ្គលរូបនេះឲ្យបង្ហាញខ្លួនចំពោះមុខមន្ត្រីមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាលជាពិសេសអ្នកដែលស្គាល់ដល់ស្ត្រីខាងលើ ក៏សូមរាយការណ៍ទៅអាជ្ញាធរខេត្តកំពង់ឆ្នាំងឲ្យបានលឿនជាទីបំផុតផងដែរ ដើម្បីយកគាត់ទៅព្យាបាល ចៀសវាងចម្លងទៅអ្នកដទៃ៕