(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានបន្ដចុះពិនិត្យនៅតាមគោលដៅបិទខ្ទប់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ជាការកត់សម្គាល់ស្ថានភាពចរាចរណ៍នៅព្រឹកនេះ គឺកាន់តែមានសភាពស្ងប់ស្ងាត់ ពោលនៅមានតែមធ្យោបាយធ្វើដំណើរបន្ដិចបន្ទួចតែប៉ុណ្ណោះ ហើយតាមការសួរនាំអ្នកធ្វើដំណើរទាំងអស់នោះ សុទ្ធតែករណីចាំបាច់ដែលត្រូវអនុញ្ញាត។ ដោយឡែក សម្រាប់អ្នកមិនចាំបាច់ គឺអាជ្ញាធរនៅតាមគោលដៅបិទខ្ទប់នោះ មិនអនុញ្ញាតឲ្យធ្វើដំណើរឡើយ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ដកណ្ដាល ព្រមទាំងហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលមានអ្នកឆ្លងកាត់តែច្រើន៕