(ភ្នំពេញ)៖ បុរសម្នាក់ហ៊ានកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ច ដែលបិទមិនឲ្យធ្វើចរាចរណ៍ នៅខណ្ឌទួលគោក ត្រូវបានចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ លោក ឡុង វណ្ណា បានបើកសវនាការជម្រះផ្ទាល់ ដោយសម្រេចដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ តាមមាត្រា៤ និងមាត្រា ១១ នៃច្បាប់ស្ដីពីការទប់ស្កាត់ជំងឺកូវីដ១៩ និងការទប់ស្កាត់ជំងឺឆ្លងរីករាលដាលផ្សេងៗ។

នេះបើតាមមន្ដ្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។

សូមជម្រាបថា អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយយកកូនកាំបិតមកកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ច ដែលហាមមិនឲ្យប្រជាពលរដ្ឋជិះធ្វើចររាចរណ៍ឆ្លងកាត់តាមដងផ្លូវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានបញ្ជាក់ថា «នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១០៖៣០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពី «បទប្រឆាំងនឹងការអនុវត្តការងារសារធារណ:» ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤៥ ផ្លូវលេខ១២៨ កែងផ្លូវ២១៥ ក្រុមទី២២ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក»

ជនសង្ស័យមានឈ្មោះ ដារ៉ា រ័ត្នសុគន្ធ ហៅ ផានិត អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ៣៩៣E ផ្លូវលេខ១២៨ ក្រុមទី៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន៖ កូនកាំបិតចិតបន្លែចុងស្រួចដងពណ៌ក្រហមចំនួន០១។

តាមដំណើររឿងហេតុ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១០:៣០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះអនុវត្តសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា នៅចំណុចផ្លូវលេខ១២៨ កែងផ្លូវ២១៥ ក្រុមទី២២ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ស្រាប់តែមានជនសង្ស័យឈ្មោះ ដារ៉ា រ័ត្នសុគន្ធ បានដើរមកពីផ្ទះរួចបានយកកូនកាំបិតចិតបន្លែចុងស្រួចដងពណ៌ក្រហមចំនួន០១ យកមកធ្វើសកម្មភាពកាត់ខ្សែរបាំងការពារគោលដៅ របស់សមត្ថកិច្ចហាមមិនឲ្យប្រជាពលរដ្ឋជិះយានជំនិះធ្វើចររាចរណ៍ជិះឆ្លងកាត់តាមដងផ្លូវ បណ្ដាលឲ្យដាច់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ចយើង រួចហើយរត់គេចខ្លួន។

ភ្លាមៗនោះកម្លាំងសមត្ថកិច្ចយើងដែលនៅប្រចាំការគោលដៅ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងចាប់យកកូនកាំបិតចិតបន្លែចុងស្រួចដងពណ៌ក្រហមចំនួន០១ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បចាត់ការតាមនីតិវធីច្បាប់តែម្ដង៕