(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ ដើម្បី ត្រៀមរៀបចំទៅជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ដែលអាចដាក់អ្នកជំងឺបានប្រមាណចំនួន ១៥០០គ្រែ។

តាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ការចុះមករៀបចំទីតាំងនេះ ដើម្បីត្រៀមដាក់ព្យាបាលកម្រិតស្រាល (កម្រិត១) បន្ទាប់ពី អ្នកឧកញ៉ា លី យ៉ុងផាត់ បានប្រគល់អគារនេះ ជូនសម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា ដើម្បីទុកប្រើប្រាស់ ប្រយុទ្ធនឹងជំងឺកូវីដ១៩។

លោកស្រី យក់ សម្បត្ដិ ថ្លែងបន្ដថា «អគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ អាចដាក់ព្យាបាលអ្នកជំងឺកូវីដ១៩ បានចំនួន ពី ១០០០-១៥០០គ្រែ»។ លោកស្រីបានបញ្ជាក់ថា នៅព្រឹកមិញនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានដឹកនាំក្រុមការងារ ដើម្បីចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល នៅអគារវិមានពិភពថ្មី សែនសុខផងដែរ។

លើសពីនោះ លោកស្រី យក់ សម្បត្ដិ បានថ្លែងទៀតថា គិតមកត្រឹមថ្ងៃនេះ មណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល មានចំនួន ៧ទីតាំងហើយ គឺមាននៅ៖ វិទ្យាល័យជាស៊ីម សាមគ្គី ដាក់ព្យាបាលអ្នកជំងឺ ចំនួន ២៦០គ្រែ , អគារម៉ូឌែន ដាក់អ្នកជំងឺជាង ២៣០គ្រែ, អគារនៅពោធិ៍ចិនតុង ១៦០គ្រែ, អគារការកោះពេជ្រ ដែលជាអំណោយរបស់ អ្នកឧកញ៉ា ពុង ឃាងសែ ចំនួន ២,៧០០គ្រែ, វិទ្យាល័យជម្ពូវ័ន្ដ ជិត៧០គ្រែ, អគារវិមានពិភពថ្មី សែនសុខ របស់អ្នកឧកញ៉ា ហុង ពីវ ចំនួនជាង៨០០គ្រែ និងនៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ ចំនួន ពី ១០០០-១៥០០គ្រែ។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៦,៣៨៩នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៥,៨៤៦នាក់, អ្នកជាសះស្បើយចំនួន ២, ៤៧៦នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៣,៨៦៥នាក់, អ្នកស្លាប់ចំនួន ៤៣នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕