(កំពង់ឆ្នាំង)៖ បុរសអ្នកបើក ផាសអាប់ ដែលបានដឹកបុរសវិជ្ជមានកូវីដ១៩ម្នាក់ ពីផ្សារត្រាចមកកាន់ភូមិស្នាពេជ្រ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានរកឃើញអត្តសញ្ញាណរបស់គាត់ នៅវេលាម៉ោង១១៖២០ នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ។ ម្ចាស់ ផាសអាប់ រូបនេះបានដឹកបុរសម្នាក់ ដែលដើរពីរាជធានីភ្នំពេញ ទៅខេត្តកំពង់ឆ្នាំង ហើយរកឃើញថាកើតកូវីដ១៩។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានផ្ដល់ព័ត៌មានដល់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៨ ខែមេសានេះឲ្យដឹងថា ម្ចាស់ផាសអាប់ខាងលើមានឈ្មោះ ម៉ី វឿន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិក្រសាំងពុល ឃុំស្វាយ ស្រុកមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ផាសអាប់ របស់គាត់ពាក់ស្លាកលេខកំពង់ឆ្នាំង 1j .6823 ពណ៌ស។ គាត់មានសមាជិកគ្រួសារទាំង អស់៧នាក់ ស្រី៣នាក់។

លោកវេជ្ជបណ្ឌិតបានបន្តឲ្យដឹងទៀតថា ក្រោយពីបានស្ដាប់ការណែនាំរបស់សមត្ថកិច្ច និងក្រុមគ្រូពេទ្យរួចមក
បុរសដែលជាម្ចាស់ផាសអាប់ខាងលើ បានយល់ព្រមទៅចត្តាឡីស័ក នៅវិទ្យាល័យ ហ៊ុន សែន កំពុងត្រឡាច នៅរសៀលថ្ងៃទី១៨ ខែមេសានេះ ដោយគាត់បានជិះផាសអាប់ផ្ទាល់ខ្លួន ដើម្បីទៅយកសំណាក និងបាញ់ថ្នាំសម្លាប់មេរោគក្នុងផាសអាប់របស់គាត់ផងដែរ។

ក្រុមគ្រូពេទ្យបានត្រៀមរៀបចំយកសំណាក និងស្រាវជ្រាវបន្ថែមទៀតសម្រាប់អ្នកពាក់ព័ន្ធ ពិសេសគឺក្រុមគ្រួសាររបស់គាត់ ដែលជាអ្នកប៉ះពាល់ដោយផ្ទាល់។ ក្នុងឱកាសនេះដែរ លោកវេជ្ជបណ្ឌិត ក៏សុំអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋ ដែលបានធ្វើដំណើរតាមផាសអាប់របស់គាត់ នៅថ្ងៃទី១៧ ខែមេសានេះ សូមរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ច ក្នុងមូលដ្ឋានរបស់បងប្អូន ដើម្បីក្រុមការងាររបស់គ្រូពេទ្យ និងធ្វើការប្រឹក្សាយោបល់ជាមួយ៕