(កំពង់ធំ)៖ ក្មេងស្ទាវមួយក្រុមបង្ហោះវីដេអូតាមបណ្ដាញសង្គម TikTok ផឹកស៉ីសប្បាយបំពានសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ពេលកំពុងផ្ទុះរីករាលដាលជំងឺកូវីដ១៩ ត្រូវបានកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចាប់ខ្លួនមកសួរនាំជាបន្ដបន្ទាប់ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ។

អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានបញ្ជាក់ថា ក្រោយឃើញវីដេអូនេះត្រូវបានចែកចាយ លោកបានបញ្ជាកម្លាំងបើកការស្រាវជ្រាវបន្ទាន់ រហូតកំណត់អត្តសញ្ញាណ និងមុខសញ្ញាបានថានៅខេត្តកំពង់ធំ ទើបឈានដល់ការឃាត់ខ្លួនពួកគេជាបន្ដបន្ទាប់ ដើម្បីយកមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត។

បើតាមលោក សុខ លូ មនុស្ស១២នាក់ ដែលនៅក្នុងវីដេអូនោះ ត្រូវបានឃាត់ខ្លួន ខណៈ២នាក់ផ្សេងទៀត កំពុងស្រាវជ្រាវ។ លោកបញ្ជាក់ថា ពួកគេត្រូវបានសម្រេចអនុវត្តពិន័យអន្តរការណ៍ និងធ្វើការអប់រំក្រោយមិនគោរពវិធាន ការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបានធ្វើការជួបជុំប្រមូលផ្ដុំគ្នាទទួលទានគ្រឿងស្រវឹង និងបានធ្វើការផុសផ្សព្វផ្សាយលើបណ្ដាញសង្គម (Tik Tok) យ៉ាងគឃ្លើន ដោយមិនគោរពតាមបម្រាមរបស់រាជរដ្ឋាភិបាល និងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ក្នុងការហាមឃាត់មិនឲ្យមានការជួបជុំ ផឹកស៉ី។

លោក សុខ លូ សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបន្តគោរព និងយកចិត្តទុកដាក់ ចូលរួមជាមួយវិធានការ «៣ការពារ និង៣កុំ» ហើយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល និងសេចក្តីសម្រេចនានា ស្តីពីវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីចៀសផុតការឆ្លងរាលដាល ដល់ក្រុមគ្រួសារ និងសហគមន៍។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មនុស្សទាំង១២នាក់ដែលត្រូវបានកម្លាំងរបស់លោកចាប់ខ្លួននោះ រួមមាន៖

* ទី១៖ ឈ្មោះ វ៉ាន វីន អាយុ២៩ឆ្នាំ នៅភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន (ម្ចាស់ផ្ទះ)
* ទី២៖ ឈ្មោះ តន ពេញ អាយុ២៧ឆ្នាំ នៅភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន (ម្ចាស់គណនី TikTok)
* ទី៣៖ ឈ្មោះ អោម សាវឿន អាយុ៣៦ឆ្នាំ នៅភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន
* ទី៤៖ ឈ្មោះ ម៉េង ចំរើន អាយុ២៦ឆ្នាំ នៅភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន
* ទី៥៖ ឈ្មោះ សាន មិនា អាយុ២០ឆ្នាំ នៅភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន
* ទី៦៖ ឈ្មោះ វុធ ធា អាយុ២៤ឆ្នាំ នៅភូមិអូរកន្ធរ ត្បូងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន
* ទី៧៖ ឈ្មោះ ជៀន ប៊ុនសៀង អាយុ១៩ឆ្នាំ នៅភូមិអូរគន្ធរ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន
* ទី៨៖ ឈ្មោះ អៀង ប៊ុនធឿន អាយុ២១ឆ្នាំ នៅភូមិអូរគន្ធរ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន
* ទី៩៖ ឈ្មោះ ជៀន វង់ អាយុ២៤ឆ្នាំ នៅភូមិអូរគន្ធរ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន
* ទី១០៖ ឈ្មោះ មាស ស្រីវី ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន
* ទី១១៖ ឈ្មោះ ថូ ភានិត អាយុ២០ឆ្នាំ នៅភូមិកោះក្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ
* ទី១២៖ ឈ្មោះ វុធ គា អាយុ២០ឆ្នាំ នៅភូមិកោះក្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ៕